ខេត្តតាកែវ ÷ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណី : ប្រេីកាំភ្លើងខ្យល់ បាញ់ជនរងគ្រោះម្នាក់ បណ្ដាលឲ្យ(ស្លាប់)! នៅស្រុកបាទី ខេត្តតាកែវ។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១២:៣០នាទី យប់រំលងអាធ្រាត្រ នៅត្រង់ចំណុចភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានករណី :(ឃាតកម្ម )០១ ករណី បានកើតឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណចំនួន ០១ក្រុម បានធ្វើសកម្មភាពយកអាវុធវែងប្រើគ្រាប់វ៉ាងឡុងបាញ់ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ គីម វិច្ឆិកា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យ(ស្លាប់)បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំ ដោយលោក ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោក វរសេនីយ៍ឯក ហែម បូណា ,លោក វរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ ។
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី រសៀល កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ឈឹម ឌុន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ជនសង្ស័យដែលជាបក្ខពួកចំនួន០២នាក់ទៀត រួមមាន :
១- ឈ្មោះ រី រតនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។
២- ឈ្មោះ សុភ័ក្ត ផាត់យ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បានចូលសារភាពកំហុសនៅអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ដកហូតវត្ថុតាងរួមមាន :
- អាវុធវែង ប្រើគ្រាប់វ៉ាងឡុង ចំនួន០១ដើម ។
- ម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម FI ឆ្នាំ២០១២ ។
ក្រុមជនសង្ស័យខាងលើបានសារភាពប្រហាក់ប្រហែលគ្នាថា : កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ពួកខ្លួនបានធ្វើសកម្មភាពប្រើប្រាស់អាវុធវែងគ្រាប់ប្រភេទវ៉ាងឡុង ចំនួន០១ដើម បាញ់ទៅលើជនរងគ្រោះប្រាកដមែន !។ មូលហេតុដោយសារតែក្រុមជនរងគ្រោះ បានជិះម៉ូតូដេញវាយមកលើពួកខ្លួនមុន ទើបឈានដល់មានសកម្មភាពខាងលើកើតឡើង។
ក្រោយពីធ្វើសកម្មភាពរួច ឈ្មោះ ឈឹម ឌុន បានយកអាវុធធ្វើសកម្មភាពមកលាក់នៅផ្ទះរបស់ខ្លួន ចំពោះម៉ូតូយកទៅកប់នៅផ្ទះរបស់ ឈ្មោះ នី សុវ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
បច្ចុប្បន្ន ជនសង្ស័ខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធីច្បាប់! ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី










