ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនមន្ត្រីពុករលួយ៣នាក់ ជាប់ពាក់ព័ន្ធនឹងការលួចយក សន្លឹកទិដ្ឋាការ ប្រភេទC និង Cex ជាង6000 សន្លឹក របស់ក្រសួងការបរទេស លក់ឱ្យ ក្រុមឧក្រិដ្ឋជន online scams?

ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ ទី ២៣ ខែ សីហា ឆ្នាំ ២០២៦ បានបញ្ជួន ខ្លួនមន្ត្រីសង្ស័យ ពុករលួយ ចំនួន៣នាក់ ទៅដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការលួចយក សន្លឹកទិដ្ឋាការ ប្រភេទC និង Cex ជាង6000 សន្លឹក របស់ក្រសួងការបរទេស លក់ឱ្យ ក្រុមឧក្រិដ្ឋជន online scams?

ជនសង្ស័យទាំង៣ នាក់ មានឈ្មោះ ទី ១- ឈ្មោះ ថូ សំណាង មានតួនាទីជា ទីប្រឹក្សា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ទី២- ឈ្មោះ ណុប រដ្ឋា, និង ទី៣- ឈ្មោះ យស់ រ៉ានេ , អ្នកទាំងពីរនាក់នេះ គឺជា មន្ត្រីធ្វើការជាមួយ ឈ្មោះ ថូ សំណាង នៅក្នុងក្រសួងការបរទេស។

លោកឆាយ ហុង ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យ របស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ ឱ្យដឹងនៅរសៀលថ្ងៃទី ២៤ ខែ សីហានេះ ថា:  ចំពោះ ករណីខាងលើនេះ  តំណាងអយ្យការសម្រចចោទប្រកាន់តាមនីតិវិធីបើកការស៊ើបសួរលើ៖

១- ឈ្មោះ ថូ សំណាង ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។

២-ឈ្មោះ ណុប រដ្ឋា ពីបទ សមគំនិតក្នុងអំពើ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។

៣- ឈ្មោះ យស់ រ៉ាណេ  ពីបទ សមគំនិតក្នុងអំពើ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។

លោកសយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ របស់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា:  ជនសង្ស័យទាំង៣នាក់ ត្រូវបានចាប់ឃាត់ខ្លួន ដោយ ACU ជាប់ពាក់ព័ន្ធនឹងការលួចយក សន្លឹកទិដ្ឋាការ ប្រភេទC និង Cex ជាង6000 សន្លឹក របស់ក្រសួងការបរទេស លក់ឱ្យ ក្រុមឧក្រិដ្ឋជន online scams។

លោកបានថ្លែងថា: អង្គភាពប្រឆាំងអំពើពុករលួយ (អបព) បានរកឃើញថា: ឈ្មោះ ថូ សំណាង បានលួចយក សន្លឹកទិដ្ឋាការ ប្រភេទ C និង Cex ជាង6000 សន្លឹក ហើយជាង ៤០០០សន្លឹកទៀត ដែលអបព កំពុងស្វែងរក។

លោកច័ន្ទវិចិត្រ បានថ្លែងបន្តថា: ឈ្មោះ ថូ សំណាង បានប្រព្រឹត្ត រួមនឹង គូកន ២នាក់ទៀត  គឺ ឈ្មោះ ណុប រដ្ឋា និង យស់ រ៉ាណេ ដែលជាមន្រ្តីបម្រើការនៅក្រសួងការបរទេស ផងដែរ។

លោកច័ន្ទវិចិត្រ បានបន្ថែមថា: អង្គភាពប្រឆាំងអំពើពុករលួយ  ក៏បានរកឃើញថា សន្លឹកទិដ្ឋាការ ដែលបានលួចបញ្ចេញដោយខុសច្បាប់នោះ ត្រូវបានប្រើប្រាស់ដោយ ជនបរទេស ដែលជាពួក online scams៕

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ ជនសង្ស័យទាំង៣ នាក់ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺ បានឡើយ៕រក្សាសិទ្ធិគ្រប់គ្រងដោយ CEN