ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការទី៧ នៃរដ្ឋសភា និងក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ ជំរុញយុទ្ធសាស្ត្រគន្លឹះស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

វិមានរដ្ឋសភា៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការជំនាញនានារបស់រដ្ឋសភា ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងដាក់ចេញទិសដៅយុទ្ធសាស្ត្រស្តារកំណើនវិស័យទេសចរណ៍ឡើងវិញ។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានជម្រាបជូនអង្គប្រជុំអំពីស្ថិតិទេសចររយៈពេល ៧ខែ ដើមឆ្នាំ២០២៦ ដែលកម្ពុជាទទួលបានភ្ញៀវអន្តរជាតិជិត ២លាននាក់ (១.៩៩៧.៨២១នាក់)។ ចំពោះមុខស្ថានភាពប្រឈម រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន រួមមាន ការលុបចោលលក្ខខណ្ឌតម្រូវមិនចាំបាច់មួយចំនួន ការលើកលែងការពិន័យហួសសុពលភាព និងពន្យារសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ដល់ ៣ឆ្នាំ ព្រមទាំងសម្រួលការប្តូរក្រដាសប្រាក់ដុល្លារចាស់-រហែក។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានគាំទ្រកញ្ចប់ឥណទាន ៥០លានដុល្លារ តាមរយៈធនាគារ SME ជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប បន្តលើកលែងពន្ធប្រចាំខែ (លើកលែង VAT និងអាករលើការស្នាក់នៅ) ដល់ដំណាច់ឆ្នាំ២០២៦ និងសម្រួលការធ្វើដំណើរតាមរយៈប្រព័ន្ធ Cambodia e-Arrival ការបញ្ចុះតម្លៃទិដ្ឋាការ ការសាកល្បងលើកលែងទិដ្ឋាការ ៤ខែ ជូនពលរដ្ឋចិន ការកាត់បន្ថយតម្លៃសំបុត្រយន្តហោះ និងការបត់បែនម៉ោងទស្សនា-ថតរូបនៅរមណីយដ្ឋានអង្គរជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីទិសដៅយុទ្ធសាស្ត្រគន្លឹះចំនួន ៦ របស់ក្រសួង ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន រួមមាន៖ ការបង្កើនភាពជឿជាក់តាមរយៈយុទ្ធនាការ «នាំរូបភាពកម្ពុជាទៅកាន់ពិភពលោក» (Bring Cambodia to the World) ការពង្រឹងទីផ្សារចាស់ និងធ្វើពិពិធកម្មទីផ្សារថ្មីៗ , ការជំរុញទេសចរណ៍វប្បធម៌ ធម្មជាតិ កែច្នៃ និងសាសនា ការលើកកម្ពស់ស្តង់ដារសេវាកម្ម និងបណ្តុះបណ្តាលធនធានមនុស្សក្រោមទិសស្លោក «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ» ការជំរុញបរិវត្តកម្មឌីជីថលតាមរយៈប្រព័ន្ធ Visit App Cambodia គេហទំព័រ និងប្រព័ន្ធ CamDX ព្រមទាំងការពង្រឹងកិច្ចសហការជិតស្និទ្ធរវាងរដ្ឋ និងឯកជន ក្រោមអភិក្រម «ជួយគ្នាជាប្រព័ន្ធក្នុងអង្គតែមួយ»។

ជាការឆ្លើយតប ឯកឧត្តម ប៉ា សុជាតិវង្ស និងតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា បានសម្តែងនូវការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងវិធានការកែទម្រង់គ្រប់ជ្រុងជ្រោយរបស់ក្រសួងទេសចរណ៍។ អង្គប្រជុំទាំងមូលក៏បានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ទាំងលើទិដ្ឋភាពច្បាប់ និងថវិកា ដើម្បីរួមគ្នាប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាព សុវត្ថិភាព និងភាពទាក់ទាញជានិរន្តរ៍នៅលើឆាកអន្តរជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី