ខេត្តត្បូងឃ្មុំ: ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីរាប់រយគ្រួសារបាននាំគ្នាមករស់នៅបណ្ដោះអាសន្ននៅទីទួលសុវត្ថិភាពក្នុងដីឧកញ៉ាម៉ារឌី ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដោយសារតែទឹកទន្លេបានហក់ឡើងលិចលំនៅដ្ឋានរបស់ពួកគាត់ខណៈទឹកទន្លេមានកម្ពស់១៣,៩៦ម៉ែត្រ ដែលចំណុចប្រកាសឲ្យប្រុងប្រយ័ត្នគឺ១៥,២០ម៉ែត្រ ។ ជាមួយនោះក៏មានក្រុមគ្រូពេទ្យនៅប្រចាំការរាល់ថ្ងៃដើម្បីជួយពលរដ្ឋជួយដល់ពួកគាត់គ្រប់ពេលវេលាមិនថាយប់ឬថ្ងៃឡើយ។
លោកកាន់ សុភិន ប្រធានមណ្ឌលសុខភាពទន្លេបិទមានប្រសាសន៍ឲ្យដឹងថា: ឯកឧត្តម
ប៉ែន កុសល្យ អភិបាលខេត្តអមដំណើរដោយអភិបាលរងខេត្តលោក ស្នងការនគរបាលខេត្ត ព្រមទាំងសហការីជាច្រើននាក់បានអញ្ជើញចុះពិនិត្យទីទួលសុវត្ថិភាពនៅទន្លេបិទនាព្រឹកថ្ងៃទី ២៣សីហា ឆ្នាំ២០២៦។ដោយបានសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងរស់នៅក្រោមរោងប្រក់កៅស៊ូតង់ ដោយបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ជួយពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
លោកប្រធានមណ្ឌលសុខភាពទន្លេបិទមានប្រសាសន៍បន្តឲ្យដឹងទៀតថា
ចាប់តាំងពីពេលដែលទឹកទន្លេបានបន្តហក់ឡើងធ្វើឲ្យភ្លេចលំនៅដ្ឋានពលរដ្ឋដងទន្លេមេគង្គក្នុងភូមិសាស្ត្រឃុំទន្លេបិទឃុំជីរោទ៏ទី១ ត្រូវបានចាកចេញពីលំនៅដ្ឋានក្នុងមួយថ្ងៃគិតជាមធ្យម២០ទៅ៣០ គ្រួសារ មកកាន់ទីទួលសុវត្ថិភាពនៅទន្លេបិទ ដែលរហូតមកដល់ពេលនេះមានរយៈពេល៦ថ្ងៃហើយ បានធ្វើឲ្យចំនួនពលរដ្ឋកើនដល់ជាង២០០គ្រួសារនិងនៅវត្តទន្លេបិទជាង១០០គ្រួសារ។
ដោយទទួលបានការណែនាំពីសំណាក់លោកវេជ្ជបណ្ឌិតកែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំបានចាត់ឱ្យរូបលោក ដឹកនាំមន្ត្រីក្រោមឱវាទធ្វើរោងស្នាក់ការដាក់គ្រូពេទ្យប្រចាំការ ២៤ម៉ោង ដើម្បីចាំទទួលបងប្អូនពលរដ្ឋមានជំងឺមកសុំថ្នាំពេទ្យ ភាគច្រើនអ្នកមកសុំថ្នាំគឺច្រើនតែមានអាការៈផ្ដាសាយ
ក្នុងករណីបើពិនិត្យឃើញមានជំងឺគ្រុនឈាមរូបលោកនិងយករថយន្តសង្គ្រោះបន្ទាន់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ហើយនៅទីទួលសុវត្ថិភាពនេះគឺអាជ្ញាធរបានរៀបចំដាក់បង្គន់អនាម័យនិងទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃទៀតផង។
អ្នកស្រីជូរ គ្រី អាយុ៤៣ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិព្រែកតូច ឃុំទន្លេបិទស្រុកត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងដែរថា គាត់បាននាំកូនប្រុសស្រីចំនួនបួននាក់មករស់នៅទីទួលសុវត្ថិភាពទន្លេបិទនេះគឺបានចំនួន៤ថ្ងៃហើយ។ ដោយមានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទន្លេបិទបានដាក់នៅប្រចាំការនិងសួរសុខទុក្ខប្រជាជន ព្រមទាំងបានពង្រឹងសុវត្ថិភាពជូនដល់បងប្អូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទៀតផង។អ្នកស្រីរូបនេះបានអះអាងថារាល់ថ្ងៃជាស្ត្រីមេម៉ាយចិញ្ចឹមកូនបួននាក់ពីមុនគាត់ទិញត្រីគេយកទៅលក់នៅក្រុងកំពង់ចាម ដោយទទួលបានប្រាក់ចំណេញប្រមាណ៣ ម៉ឺនរៀលក្នុងមួយថ្ងៃ តែគាត់បានរងគ្រោះបាក់ជើង
ម្ខាងដោយគ្រោះថ្នាក់ចរាចរណ៍មកដល់ពេលនេះពីរខែហើយ មិនបានចេញទៅលក់ធ្វើឲ្យជីវភាពគ្រួសារជួបនូវការលំបាក។
យោងតាមមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំវិញបានឲ្យដឹងថាស្ថានភាពទឹកជំនន់ដែលបានកើតឡើងនេះធ្វើឲ្យប៉ះពាល់ចំនួនពីរស្រុកគឺស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំមាន៧ឃុំ ពលរដ្ឋរងគ្រោះផលប៉ះពាល់សរុបប្រមាណ៥៩៦គ្រួសារ ក្នុងនោះ ៥២៦គ្រួសារ ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ ជាមួយនោះកម្លាំងសមត្ថកិច្ចក៏បានចុះជួយរុះរើលំនៅឋានពលរដ្ឋដែលរងគ្រោះដោយបាក់ច្រាំង ក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មារ។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី
















