ខេត្តកំពង់ចាម: សំឡេងបានលាន់ផ្ទុះដូចគ្រាប់ចេញពីអាហារដ្ឋានមួយកន្លែងមានយីហោរឈ្មោះ”ដំណាក់ហ្វ៊ុសុីន “នៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី២២សីហាឆ្នាំ ២០២៦ស្ថិតនៅភូមិទី១៥សង្កាត់កំពង់ចាម ក្រុងកំពង់ចាម បណ្ដាលឱ្យមនុស្សពីរនាក់រងរបួសរលាកខ្លួនប្រាណត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ បន្ទាប់មកគេបានឃើញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ បុគ្គលិកស្រីខ្លះនាំគ្នារត់ចេញពីភ្លើងឆេះចេញមកក្រៅបណ្ដាលឲ្យក្រិចជើងនិងភ័យរន្ធត់ញ័រដៃជើងយំបង្ហូរទឹកភ្នែកក៏មាន។
លោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាមបានឲ្យដឹងថា: ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ពីគ្រោះអគ្គីភ័យនេះកើតឡើងភ្លាមៗនោះរូបលោកបានសុំអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដោយសហការជាមួយរថយន្តនៃស្នងការដ្ឋាននគរបាលខេត្ត បានមកអន្តរាគមន៍បាញ់ទឹកពន្លត់។ ជាមួយនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីបាននាំគ្នាមកមើលឈរត្រៀបត្រារាប់រយនាក់នៅសួនច្បារ ដោយមានផ្សែងភ្លើងបានហុយក្មួលខ្មាញ់ឡើងទៅលើមេឃ។
លោកអភិបាលក្រុងបានបន្តដឹងទៀតថា
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាមបានរួមសហការគ្នាជាមួយក្រុមកម្លាំងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកម្លាំងអាវុធហត្ថជាច្រើននាក់
បានសស្រាក់ស្រាំនាំគ្នាប្រឹងជួយបាញ់ទឹកពន្លត់ភ្លើងដែលបានឆាបឆេះនៅអាហារដ្ឋានដំណាក់ហ្វ៊ុសុីន ញាប់ដៃញាប់ជើងខ្លះជួយនៅផ្នែកខាងក្រោមនិងខ្លះទៀតឡើងទៅលើដំបូលដើម្បីងាយស្រួលបាញ់ទឹកពន្លត់។
ក្រោមការយកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ចបានប្រើពេលរហូតដល់២ ម៉ោង ដោយគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង មិនបានធ្វើឲ្យភ្លើងឆេះឆ្លងទៅផ្ទះអ្នកជិតខាងនោះទេ។ នៅក្នុងហេតុការណ៍អគ្គីភ័យនេះបណ្ដាលឲ្យអ្នកបម្រើការងារនៅអាហារដ្ឋានពីរនាក់បានរងរបួសរលាកខ្លួនប្រាណដោយសារតែផ្ទុះធុងហ្គាស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
សូមបញ្ជាក់ថាអាហារដ្ឋានដែលឆេះនេះគឺជាកម្មសិទ្ធិរបស់ម្ចាស់ផ្ទះឈ្មោះទ្រីផាម៉ាលីហ្សា ភេទស្រី អាយុជាង២០ឆ្នាំដែលបានបើកធ្វើអាជីវកម្មដោយមានបុគ្គលិកជាច្រើននាក់បម្រើការងារនៅក្នុងនោះដែលមានរយៈពេល៣ទៅ៤ឆ្នាំមកហើយ។ នៅផ្ទះជាប់សង្ខាងដែលឆេះក្នុងនោះមួយមានផ្ទះរបស់លោកអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម ជាប្រភេទផ្ទះឈើចំណែកផ្ទះម្ខាងទៀតជាប្រភេទផ្ទះថ្មដែលជាកម្មសិទ្ធរបស់អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។ តាមការសង្កេតដោយផ្ទាល់អ្នកបម្រើការងារជាស្ត្រីខ្លះបាននាំគ្នាប្រឹងរត់ចេញពីក្នុងមកក្រៅបណ្ដាលឱ្យគ្រិចជើងពិបាកដើរខ្លះទៀតភ័យរន្ធត់ញ័រដៃជើងទាំងយំព្រោះតែរន្ធត់ពេក។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី
















