ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរកម្ពុជារឹបអូសរូបិយប័ណ្ណឌីជីថលប្រមាណ ៧លានដុល្លារ ពីបណ្តាញលាងលុយឱ្យ Sinaloa Cartel !

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានរឹបអូសរូបិយប័ណ្ណឌីជីថលដែលមានតម្លៃប្រមាណ ៧លានដុល្លារអាមេរិក ពីបណ្តាញក្នុងស្រុកមួយដែលសង្ស័យថា បានប្រព្រឹត្តសកម្មភាពលាងលុយតាមប្រព័ន្ធគ្រីបតូឱ្យបណ្តាញជួញដូរគ្រឿងញៀន Sinaloa Cartel របស់ប្រទេសម៉ិកស៊ិក។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹង នៅថ្ងៃសៅរ៍ ទី ២២ ខែ សីហា នេះថា: ការរឹបអូសទ្រព្យសម្បត្តិឌីជីថលនេះ ធ្វើឡើងក្នុងប្រតិបត្តិការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មគ្រឿងញៀន ដែលមានការសហការជាមួយស្ថាប័នអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា កាលពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានចុះឆែកឆេរទីតាំងចំនួន៤ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ប្រតិបត្តិការនេះបាននាំទៅដល់ការឃាត់ខ្លួនជនសង្ស័យ ជាច្រើននាក់ និងការរឹបអូសគ្រឿងញៀនខុសច្បាប់ជាង ២០០គីឡូក្រាម ព្រមទាំងសារធាតុគីមីផ្សំគ្រឿងញៀនជាង ១តោន។

សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ការស៊ើបអង្កេតបានរកឃើញបណ្តាញក្នុងស្រុកមួយដែលសង្ស័យថា មានតួនាទីលាងលុយតាមរូបិយប័ណ្ណគ្រីបតូ ដើម្បីបម្រើផលប្រយោជន៍ដល់បណ្តាញជួញដូរគ្រឿងញៀន Sinaloa Cartel។

បច្ចុប្បន្ននេះ ជនសង្ស័យដែលពាក់ព័ន្ធត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមដីការបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរង់ចាំការអនុវត្តនីតិវិធីតាមច្បាប់។

សូមបញ្ជាក់ថា: កាលពីថ្ងៃទី២០ ខែសីហា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចប្រឆាំងគ្រឿងញៀនកម្ពុជា និងរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន។

តាមស្ថានទូតអាមេរិក កិច្ចសហការរវាងការិយាល័យ DEA នៅរាជធានីភ្នំពេញ និងរដ្ឋ New Jersey បានជួយសមត្ថកិច្ចកំណត់អត្តសញ្ញាណបណ្តាញក្នុងស្រុកមួយ ដែលត្រូវបានសង្ស័យថា បានប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ដើម្បីលាងលុយឱ្យក្រុមជួញដូរគ្រឿងញៀន Sinaloa Cartel។

ស្ថានទូតអាមេរិកបានចាត់ទុកប្រតិបត្តិការនេះថា ជាសមិទ្ធផលសំខាន់មួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរុះរើបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុដែលគាំទ្រសកម្មភាពជួញដូរគ្រឿងញៀន។

Sinaloa Cartel ត្រូវបានគេស្គាល់ថា ជាបណ្តាញផលិត និងជួញដូរគ្រឿងញៀនដ៏ធំមួយរបស់ម៉ិកស៊ិក ដែលមានសកម្មភាពឆ្លងកាត់ព្រំដែន និងពាក់ព័ន្ធនឹងការផ្គត់ផ្គង់គ្រឿងញៀនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]