ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបំភ្លឺករណីវីដេអូកាត់តបញ្ចូលសំឡេង ចោទសមត្ថកិច្ចថា «ធ្វើស៊ីអ្នករត់ PassApp»និងដាក់គ្រឿងញៀនក្នុងអាវជនសង្ស័យ

កណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺជុំវិញវីដេអូមួយចំនួនដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយមានការកាត់ត និងបញ្ចូលសំឡេងចោទប្រកាន់ថា សមត្ថកិច្ចបាន «ធ្វើស៊ីអ្នករត់ PassApp» និងដាក់គ្រឿងញៀនក្នុងអាវជនសង្ស័យ។

តាមការបញ្ជាក់របស់សមត្ថកិច្ច ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញពាក់ព័ន្ធបានធ្វើការស្រាវជ្រាវ និងបញ្ជាក់ថា វីដេអូដែលត្រូវបានកាត់តបញ្ចូលសំឡេងខាងលើ មិនឆ្លុះបញ្ចាំងពីការពិតនៃហេតុការណ៍ឡើយ ហើយខ្លឹមសារដែលបន្ថែមលើវីដេអូ គឺជាការប្រឌិតដែលអាចធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងមានសមត្ថកិច្ច។

សមត្ថកិច្ចបញ្ជាក់ថា ករណីដែលកម្លាំងបានចុះអនុវត្តវិធានការតាមច្បាប់នោះ គឺពាក់ព័ន្ធនឹង អំពើហិង្សាដោយចេតនា អំពើលួចទូរស័ព្ទដៃ និងការប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដែលបានកើតឡើងនៅវេលាម៉ោង ២៤៖០៧នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្រោយរង្វង់មូលលោកតាខ្មៅ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងករណីនេះ ជនរងគ្រោះម្នាក់ឈ្មោះ មិត្ត សុវណ្ណឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរដឹកជញ្ជូន ត្រូវបានរាយការណ៍ថា រងរបួសបែកចុងចិញ្ចើមខាងឆ្វេងមួយកន្លែង និងបាត់ទូរស័ព្ទដៃម៉ាក OPPO A6 ពណ៌ទឹកមាសមួយគ្រឿង ដែលក្រោយមកត្រូវបានសមត្ថកិច្ចយកមកវិញ។

ជនសង្ស័យមានចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ វ៉ន សារ៉ាវុធ អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន ខណៈម្នាក់ទៀតឈ្មោះ ខៃ អាយុ៤០ឆ្នាំ កំពុងគេចខ្លួន។

សមត្ថកិច្ចក៏បានបញ្ជាក់ថា វត្ថុតាងដែលចាប់យកបាន គឺទូរស័ព្ទដៃម៉ាក OPPO A6 ពណ៌ទឹកមាស ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះ។

ជុំវិញការផ្សព្វផ្សាយវីដេអូកាត់តខាងលើ ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានចាត់ទុកថា ការបញ្ចូលសំឡេងមិនពិតទៅលើរូបភាពសមត្ថកិច្ចកំពុងអនុវត្តការងារ គឺជាការបង្ហាញព័ត៌មានដែលអាចបង្កការយល់ច្រឡំដល់សាធារណជន និងប៉ះពាល់ដល់កិត្តិយសរបស់សមត្ថកិច្ច។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម កុំទាន់សន្និដ្ឋាន ឬចែករំលែកព័ត៌មានដែលមិនទាន់មានប្រភពច្បាស់លាស់ និងសូមពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានជាមុនសិន។

ជាមួយគ្នានេះ សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផេកដែលបានកាត់ត និងបញ្ចូលសំឡេងមិនពិតខាងលើ ត្រូវចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅជាបន្ទាន់ ដើម្បីបញ្ជាក់អំពីប្រភព និងមូលហេតុនៃការផ្សព្វផ្សាយខ្លឹមសារដែលធ្វើឱ្យសាធារណជនយល់ច្រឡំ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឱ្យសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងចូលរួមផ្សព្វផ្សាយព័ត៌មានដោយមានការទទួលខុសត្រូវ គោរពការពិត និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជៀសវាងការបង្កការភាន់ច្រឡំក្នុងសង្គម។រក្សាសិទ្ធដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]