កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។
ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការបង្ក្រាបគ្រឿងញៀនក្នុងខេត្តស្វាយរៀង កាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីឯកឧត្ដម ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង បានចុះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ប្រុស (ជនជាតិវៀតណាម ០៣នាក់,ជនជាតិចិន ០១នាក់) នៅត្រង់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ដកហូតវត្ថុតាងរួមមាន÷
-សារធាតុញៀនសរុបទាំងអស់ ទម្ងន់ ៨៨៥.១៦ ក្រាម ក្នុងនោះ៖
-ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ៣៦៣.៩៨ក្រាម
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៩.៨៩ក្រាម គ្រាប់ ៦២.៣៨ក្រាម
-ថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី ទម្ងន់ ៤៣៣.៧១ក្រាម(គិតទាំងសំបក) និងគ្រាប់ ១៥.២០ក្រាម
-សារធាតុមិនច្បាស់សរុប ទម្ងន់ ២,៥៣២.៧៨ក្រាម
-អាវុធខ្លី ០១ដើម និងគ្រាប់ ០២គ្រាប់
-អាវុធវែង ០១ដេីម និងបង់ចំនួន ០១ គ្រាប់ ២៩គ្រាប់
-រថយន្ត ០២គ្រឿង
-ម៉ូតូ ០១គ្រឿង
-ទូរស័ព្ទដៃ ០៤គ្រឿង
-កាំបិត ០១ដើម
-ជញ្ជីង ០១គ្រឿង និងសម្ភារប្រេីប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។ រក្សាសិទ្ធដោយ៖សុទ្ធលី












