ភ្នំពេញ: អង្គការសង្គមស៊ីវិល ចំនួន ៥០ អង្គការ ដែលធ្វើការ លើវិស័យការពង្រឹងច្បាប់ អភិបាលកិច្ចល្អ និង ការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃ ទី ២០ ខែ សីហា ឆ្នាំ ២០២៦ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយ ធ្វើការ អំពាវនាវ យ៉ាងទទូច ដល់ អាជ្ញាធរពាក់ព័ន្ធ មេត្តាដោះលែង អតីត: ភិក្ខុ ជា វុទ្ធី និង លុបចោលទោសជាប់ពន្ធនាគារ ១៨ ខែ ពាក់ព័ន្ធនឹងការជជែកតាមកម្មវិធីផ្ញើសារជាឯកជន។
សេចក្តីថ្លែងការណ៍រួម មានខ្លឹមសារ ទាំងស្រុង ដូចតទៅៈ
- យើងខ្ញុំជាអង្គការសង្គមស៊ីវិលដូចមានរាយនាមខាង ក្រោមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសាលក្រមប្រកាសនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៦ ដោយសាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោសលោក ជា វុទ្ធី ជាអ្នកសារព័ត៌មានពលរដ្ឋ និងសកម្មជនសង្គមមួយរូប ឱ្យជាប់ពន្ធនាគារ រយៈពេល១៨ ខែ និងពិន័យជាប្រាក់ ២,០០០,០០០ រៀល (ប្រហែល៥០០ដុល្លារអាម៉េរិក) ពាក់ព័ន្ធនឹងសារមួយ ដែលបានផ្ញើនៅក្នុងក្រុមកម្មវិធីផ្ញើសារឯកជន (ក្រុម Messenger) មួយកាលពីខែសីហា ឆ្នាំ២០២៥ កន្លងមក។
-យើងខ្ញុំអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធដោះលែង ព្រះសង្ឃ ជា វុទ្ធី ជាបន្ទាន់ និងទម្លាក់បទចោទប្រកាន់លើ លោកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងស្នើចំពោះអាជ្ញាធរធានាថាករណីរបស់ លោក ជា វុទ្ធី ត្រូវបានត្រួតពិនិត្យ ដោយអនុលោមទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សជាតិ និងអន្តរជាតិនៅក្នុងប្រទេស កម្ពុជា ។
-ព្រះសង្ឃ ជា វុទ្ធី មានព្រះជន្ម ២៧ វស្សា ត្រូវបានចាប់ខ្លួន ចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាព និងត្រូវបានកាត់ទោសដោយផ្អែកលើការបញ្ចេញមតិយោបល់នៅក្នុងផ្ញើសារ វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម Messenger ឯកជនមួយ ។
- មតិយោបល់នោះ បានសំដៅទាក់ទងនឹងទឹកដីក្នុងខេត្តមួយចំនួន ស្ថិតក្នុងបរិបទនៃ ស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលការលើកឡើងនេះក្លាយជាភស្តុតាងតែមួយគត់បង្ហាញសម្រាប់ការចោទប្រកាន់ ទៅលើលោក។ -លោក ជា វុទ្ធី បានទទួលស្គាល់ថាពិតជាបានបញ្ចេញមតិយោបល់នោះនៅក្នុងក្រុមឯកជនដែល មានសមាជិកប្រមាណ ២០ នាក់ ប៉ុន្តែបានបដិសេធថាមិនបានបង្ហោះមតិយោបល់នោះជាសាធារណៈឡើយ ។
-កម្ពុជា ជារដ្ឋភាគីនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ (ក.អ.ស.ព.ន) ដែលបាន ធានានូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិតាមមាត្រា១៩ ។
-បទប្បញ្ញត្តិនេះធានាដល់មនុស្សគ្រប់រូបនូវសិទ្ធិក្នុងការ មានមតិយោបល់ដោយគ្មានការជ្រៀតជ្រែក និងសិទ្ធិស្វែងរក ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតគ្រប់ប្រភេទ ដោយសេរី ។
-មាត្រា ១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ក.អ.ស.ព.ន) ទទួល ស្គាល់ថា ការដាក់កម្រិតលើសេរីភាពនៃការបញ្ចេញមតិអាចត្រូវបានអនុញ្ញាត ដោយត្រូវបំពេញតាមលក្ខខណ្ឌ សំខាន់ចំនួនបី៖ (១)មានចែងក្នុងច្បាប់ (២) ត្រូវមានគោលបំណងស្របច្បាប់ ជាពិសេសដើម្បីការពារសិទ្ធិ ឬកេរ្តិ៍ ឈ្មោះរបស់អ្នកដទៃ ឬការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាពសាធារណៈ ឬសីលធម៌ និង (៣) ត្រូវមានភាពចាំបាច់ និងសមាមាត្រ ដើម្បីសម្រេចបាននូវគោលបំណងស្របច្បាប់នោះ ។
-ការផ្តន្ទាទោសចំពោះលោក ជា វុទ្ធី មិនបានបំពេញតាមលក្ខខណ្ឌទាំងនេះឡើយ ។ មតិយោបល់នោះ ចែករំលែកតែនៅក្នុងក្រុម Messenger ឯកជនមួយដែលមានសមាជិកប្រមាណ ២០ នាក់ មិនមែននៅក្នុងវេទិកា សាធារណៈឡើយ។ ទំហំការចែកចាយ និងផលប៉ះពាល់ដែលអាចកើតមានពីសារឯកជនមួយនៅក្នុងក្រុមតូច បែបនេះ មិនអាចចាត់ទុកដោយសមហេតុផលថា មានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីជាមូលដ្ឋានសម្រាប់ការវិនិច្ឆ័ យឡើយ ជាពិសេសមិនគួរឈានដល់ការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ ខែនោះទេ ។
-យើងខ្ញុំជឿជាក់ថា ការផ្តន្ទាទោស និងការដាក់ទោសចំពោះលោក ជា វុទ្ធី បង្ហាញអំពីការរំលោភបំពាន ធ្ងន់ធ្ងរលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ១៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ក.អ.ស.ព.ន) និងបានប៉ះពាល់ដល់ការប្តេជ្ញា ចិត្តរបស់កម្ពុជា ក្រោមអនុសាសន៍នៃការពិនិត្យជាសកលតាមកាលកំណត់ (យូភីអ) ជុំទី៤ស្តីពីសេរីភាពនៃការ បញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
-យើងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យដោះលែងលោក ជា វុទ្ធី និងទម្លាក់បទចោទប្រកាន់ ដើម្បី អនុញ្ញាតឱ្យលោកអាចបន្តការងារ និងសកម្មភាពសង្គមដោយសេរីវិញ ៕
ទាក់ទងនឹង ការទាមទារឱ្យមានការ ដោះលែង ជនជាប់ចោទ ជា វុទ្ធី ខាងលើនេះ អ្នកនាំពាក្យ នៃ ក្រសួងយុត្តិធម៌ មិនទាន់អាច ទាក់ទង ដើម្បីសុំការ អត្ថាធិប្បាយបានឡើយ នៅត្រឹមថ្ងៃ ទី ២០ ខែ សីហានេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN



