ភ្នំពេញ៖ សមត្ថកិច្ចនគរបាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៦ នេះ បានបញ្ជូនខ្លួន ជនសង្ស័យចិន ២ នាក់ ក្នុង ចំណោម៤ នាក់ ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចាត់ការតាម នីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងការចាប់ជំរិត ជនរងគ្រោះចិន ចំនួន ២ នាក់ រួច រុញចូលរថយន្ត ហើយធ្វើសកម្មភាព ជំរិតទារ ប្រាក់ ចំនួន ៥៥ ម៉ឺនដុល្លារ ពីជនរងគ្រោះ ជាថ្នូរនឹងការដោះលែងវិញ ប្រព្រឹត្តកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០២ និង១០នាទី នៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធា នីភ្នំពេញ។
សមត្ថកិច្ចនគរបាល បានឱ្យដឹងថា: ជនសង្ស័យ ទាំង២នាក់នេះ មាន ៖ ១.ឈ្មោះ XU XINGDA ភេទប្រុស អាយុ ៣៨ឆ្នាំ។
២.ឈ្មោះ HU JUN ភេទ ប្រុស អាយុ ៣៣ឆ្នាំ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលដកហូតសម្ភារៈ
រួមមាន ៖-ទូរស័ព្ទដៃ ២ គ្រឿង
-នាឡិកាដៃម៉ាក rolex ខ្សែដែក ពណ៌ទឹកប្រាក់ ១ គ្រឿង
-កាបូបដាក់ប្រាក់ ១
-កាបូបយួរដៃ ១
-លិខិតឆ្លងដែន ២ច្បាប់
-អត្តសញ្ញាណប័ណ្ណចិន និងកាតធនាគារមួយចំនួន។
ទាក់ទិននឹងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ លោកវរៈសេនី យ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានសារភាពប្រហាក់ប្រហែលគ្នាថា: ពួកគេទាំង២ នាក់ ពិតជាបានធ្វើសកម្មភាពចាប់ជនរងគ្រោះ២ នាក់ ជាជនជាតិចិនដូចគ្នា មិនស្គាល់ឈ្មោះ រួចរុញចូលរថយន្តយកទៅបង្ខាំងជំរិតទារប្រាក់ ចំនួន ៥៥ ម៉ឺនដុល្លារអាមេរិក កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២ ០២៦ វេលាម៉ោង០២និង១០ នាទី នៅចំណុចកើតហេតុខាងលើពិតប្រាកដមែន។
ពួកគេបានសារភាពថា: ពួកគេមានគ្នាចំនួន៤នាក់ ជិះម៉ូតូ១ គ្រឿងមិនស្គាល់ម៉ាក និង រថយន្ត១ គ្រឿង ម៉ាកអាល់ហ្វាត ពណ៌ ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ផ្លាកលេខ ភ្នំពេញ 2CK-0877។
ក្នុងចំណោមបក្សពួកទាំង៤ នាក់ នោះ គឺឈ្មោះ សាំង កឺ មាន អាយុ ៤៤ ឆ្នាំ (ជាមេក្លោង) ដោយប្រើប្រាស់មធ្យោបាយជិះរថយន្តម៉ាក អាល់ហ្វាត១គ្រឿង ទៅធ្វើសកម្មភាពចាប់ជំរិតជនរងគ្រោះ។
ជនសង្ស័យ ទាំងពីរ បានសារភាពទៀតថា: ពេលជិះរថយន្ត និង ម៉ូតូមកដល់ទីតាំងកើតហេតុ ពួកខ្លួនទាំងអស់គ្នាក៏បានធ្វើសកម្មភាពចាប់ជនរងគ្រោះ២នាក់ ដាក់ចូលរថយន្តហើយក៏បានជិះចេញទៅគោលដៅទៅខេត្តព្រះសីហនុ។
លុះមកដល់ផ្លូវស្ងាត់ ឈ្មោះ HU JUN ក៏បានប្លុងម៉ូតូចោលហើយរួចឡើងជិះរថយន្តទាំងអស់គ្នា ខណៈកំពុងជិះនៅក្នុងរថយន្តឈ្មោះ អាត្រងោល បានយកកំាភ្លើងខ្លីភ្ជង់ជនរងគ្រោះ និងបានវាយធ្វទារុណកម្ម ដោយជំរិតទារប្រាក់ចំនួន៥៥ ម៉ឺនដុល្លារអាមេរិក។ តែជនរងគ្រោះបានអង្វរសុំនៅត្រឹមជាង ៥000 ដុល្លារ ដោយបានផ្ទេរលុយចូលតាមរយៈUSDT និង ABA។
ពួកគេ បាននិយាយទៀតថា: បន្ទាប់ពីជំរិតប្រាក់ពីជនរងគ្រោះទាំង២នាក់បានប្រហែលជាង ៥០០០ដុល្លារអាមេរិក ហើយពួកគេក៏បានដោះលេងជនរងគ្រោះ វិញ តាមការសន្យា នៅតាមផ្លូវ(ទីតាំងមិនស្គាល់) រួចពួកគេបានប្រគល់បា្រក់ឲ្យមេក្លោងឈ្មោះ សាំង កឺ ហើយ មេក្លោងក៏បានចែកចំណែកឲ្យម្នាក់ ចំនួន ៥០០ ដុល្លារអាមេរិក ហើយមេក្លោងក៏ឡើងយន្តហោះចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមបាត់ទៅ។
លុះដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ពួកគេទាំង២ នាក់ក៏បានឡើងយន្តហោះទៅប្រទេសវៀតណាមដែរ និងបានប្រហែល ៣ ទៅ៤ ថ្ងៃ ពួកគេក៏ត្រឡប់មកប្រទេសកម្ពុជាវិញ ទើបត្រូវសមត្ថ កិច្ចឃាត់ខ្លួននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុតែម្តង។
ចំពោះបក្ខពួកលេសសល់កំពុងគេចខ្លួន ៖
ទី១-ឈ្មោះ CHENG LIZHONG ភេទប្រុស អាយុ៤៦ ឆ្នាំ ជនជាតិចិន កាលិខិតឆ្លងដែនលេខEJ89260363 (ឈ្មោះហៅក្រៅ សាំង កឺ មេក្លោង)។
ទី២-ម្នាក់ទៀតមិនស្គាល់ឈ្មោះ ហៅអាត្រងោល ភេទប្រុស អាយុប្រហែល ៣៨ ឆ្នាំ។
បច្ចុប្បន្ននេះ សមត្ថកិច្ច នគរបាលជំនាញ កំពុងតែបន្តស្វែងរក ក្រុមមេខ្លោង ដែលរត់គេចខ្លួន ដើម្បី នាំខ្លួន យកមក ផ្តន្ទាទោសតាមច្បាប់ របស់កម្ពុជា៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




