ខេត្តកំពង់ចាម: ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋជាពិសេស ការជួយផ្គត់ផ្គង់ដល់ព្រះសង្ឃ នាឱកាសចូលកាន់ព្រះវស្សា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្ត បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន ០២វត្ត គឺវត្តភ្នំជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ស្រុកកំពង់សៀម និងវត្តសន្ធររង្សី ហៅវត្តអន្លង់សំឡី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។នាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត និងឯកឧត្ដមប្រធានក្រុមប្រឹក្សា បាននាំទេយ្យទាន បច្ច័យប្រគេនដល់វត្តទាំង ២ ដោយក្នុង ១វត្តៗ មាន ៖ -ទៀនវស្សា ចំនួន ០១ គូ-អង្ករ ចំនួន ១០០ គីឡូក្រាម-ទឹកសុទ្ធចំនួន ០៥កេស -ទឹកក្រូច(កូកាកូឡា) ចំនួន ០៥កេស -ទឹកភេសជ្ជៈ(បាកាស) ចំនួន ០៥កេស-ត្រីខ ចំនួន ០១កេសធំ -ទឹកត្រី ចំនួន ០៥យួរ- ទឹកស៊ីអ៊ីវ ចំនួន ០៥យួរ -មី ចំនួន ០៥កេសតូច-ទឹកដោះគោខាប់ចំនួន ០១កេសធំ -ស្ករស ចំនួន ០៥គីឡូក្រាម -តែ ចំនួន ០៥គីឡូក្រាម និងបច្ច័យមួយចំនួនទៀត ។ ជាមួយនោះ ជូនយាយជី តាជី មានក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលផងដែរ។
គួរកត់សម្គាល់ថា ពិធីចូលព្រះវស្សា គឺជាច្បាប់មួយ របស់ព្រះពុទ្ធ ដែលតម្រូវឲ្យព្រះសង្ឃគ្រប់អង្គ ដែលប្រតិបត្តិសាសនា ទ្រង់ត្រូវគង់ចាំព្រះវស្សា នៅក្នុងវត្តនីមួយៗ រយៈពេល ៣ខែ ទៅតាមពុទ្ធប្បញ្ញត្តិ របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើង និងបានកំណត់យកថ្ងៃ ១រោច ខែអាសាឍ តទៅ ។
តាមការតំណាលតៗមកថា ពិធីចូលព្រះវស្សា មានអត្ថន័យសង្ខេបថា កាលពីជំនាន់ព្រះសម្មាសម្ពុទ្ធគង់នៅ មានភិក្ខុសាមណេរជាច្រើនអង្គ បានចេញទៅធ្វើធុតង្គ (អង្គរបស់ធម៌ ជាគ្រឿងកម្ចាត់នូវកិលេស) នៅតាមព្រៃភ្នំឆ្ងាយៗ លុះជិតដល់ពេលចូលព្រះវស្សា ព្រះភិក្ខុ និងសាមណេរជាច្រើនអង្គនោះ មានបំណងវិលមកវត្ត ដើម្បី ចូលរួមពិធីចូលព្រះវស្សាឱ្យទាន់ពេល នៅកន្លែងព្រះអង្គវិញ ។ នៅតាមផ្លូវធ្វើដំណើរ ក៏មានភ្លៀងធ្លាក់ជោកជាំស្ទើរតែរាល់ថ្ងៃ ជាហេតុពិបាកក្នុងការវិលមកវិញឱ្យទាន់ពេល ធ្វើឱ្យព្រះភិក្ខុ និងសាមណេរអាក់ខាន ចូលព្រះវស្សានៅពាក់កណ្តាលផ្លូវ ។ បន្ទាប់ពីការគង់ចាំព្រះវស្សា រយៈពេល ៣ខែ ផុតទៅ ព្រះភិក្ខុ និងសាមណេរ បានធ្វើដំណើរ ទៅដល់កន្លែងព្រះសម្មាសម្ពុទ្ធគង់នៅ ពេលនោះព្រះពុទ្ធបានទូលសួរទៅភិក្ខុសាមណេរទាំងអស់ថា «ភិក្ខុសាមណេរ មានសេចក្តីសុខទុក្ខយ៉ាងណា នៅពេលចាំវស្សា ត្រឹមពាក់កណ្តាលផ្លូវបែបនេះ?» ភិក្ខុសាមណេរ ក៏បានទូលប្រាប់ព្រះពុទ្ធថា សេចក្តីសុខទុក្ខ ជាធម្មតាទេ តែមានការលំបាកដោយមានភ្លៀងធ្លាក់ជោកជាំ ធ្វើឱ្យស្បង់ចីវរទទឹក ឬប្រឡាក់ ។ នេះជាបញ្ហាមួយ ដែលនាំផលវិបាក ដល់ភិក្ខុសាមណេរ ក៏មានដំណមមិនឲ្យព្រះសង្ឃនិមន្តចេញក្រៅវត្ត ដោយគ្មានភារកិច្ចចាំបាច់ ។
យ៉ាងណាមិញ ដោយមានតំណាលបែបនេះ នៅពេលដល់ចូលព្រះវស្សា (គង់ចាំវស្សាក្នុងវត្ត) រយៈពេល ៣ខែ ភិក្ខុសាមណេរគង់ក្នុងវត្ត បានសិក្សារៀនសូត្រពីព្រះធម៌ និងព្រះវិន័យឲ្យបានល្អ ពីព្រោះថា រដូវនេះមានភ្លៀងធ្លាក់ ធ្វើឲ្យព្រះសង្ឃពិបាកក្នុងការនិមន្តដើរបិណ្ឌបាត្រ រីឯប្រជាកសិករវិញ ពួកគាត់ក៏មានការរវល់ក្នុងការធ្វើស្រែចំការ ផងដែរ ។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី













