ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បាននាំកម្លាំងចុះបង្ក្រាបករណីកំហែងយក នៅចំណុចតាមផ្លូវបេតុង ត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ
»ជនសង្ស័យចំនួន ០១នាក់
១-ឈ្មោះ NHD Rizwy ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរមិនពិតប្រាកដ ស្នាក់នៅចល័តក្នុងរាជធានីភ្នំពេញ។ (ឃាត់ខ្លួន មានសារធាតុញៀន) (គ្មានលិខិតឆ្លងដែន)
»ជនរងគ្រោះឈ្មោះ Wiranto Dias Putra Rukmani ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ីមុខរបរមិនពិតប្រាកដស្នាក់នៅចល័តក្នុងរាជធានីភ្នំពេញ។ (គ្មានលិខិតឆ្លងដែន)
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះ និងជនសង្ស័យបានជួបគ្នានៅមុខស្ថានទូតឥណ្ឌូនេស៊ី ពេលនោះ មិត្តភក្តិរបស់ជនសង្ស័បានឱ្យកាំភ្លើងចំនួន ០១ដើម«កាំភ្លើងដែកកេះ» មកជនសង្ស័យខ្ចីប្រើនៅមុខស្ថានទូតនោះ និងបានស្នាក់នៅជាមួយគ្នាមួយយប់
រហូតដល់រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ជនសង្ស័យ និងមិត្តភក្តិ រួមទាំងជនរងគ្រោះ បានពិភាក្សាគ្នាដើម្បីរកការងារធ្វើ ពេលនោះជនរងគ្រោះ បានបបួលជនសង្ស័យ និងមិត្តភក្តិទៅធ្វើការនៅខេត្តព្រះសីហនុ រួចជនរងគ្រោះបានហៅម៉ូតូកង់បីឥណ្ឌាជិះជាមួយជនសង្ស័យ និងមិត្តភក្តិពីរនាក់នោះចេញពីម្ដុំស្ថានទូតឥណ្ឌូនេស៊ី
ពេលមកដល់ផ្លូវល្បឿនលឿនវេលាម៉ោងប្រហែល ២ និង ០០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយមិនមានលុយឱ្យថ្លៃម៉ូតូកង់បីនោះ ក៏នាំគ្នាចុះពីម៉ូតូកង់បីរត់គេចខ្លួនរាងរៀងខ្លួន
ជនសង្ស័យ និងជនរងគ្រោះរត់ទៅជាមួយគ្នា ចំណែកឯមិត្តភក្តិជនសង្ស័យ ០២នាក់ទៀតនោះរត់គេចខ្លួនបាត់។ ជនរងគ្រោះសួរទៅជនសង្ស័យថា «ទៅធ្វើការនៅខេត្តព្រះសីហនុឬទេ? បើមិនទៅខ្ញុំឱ្យលុយចំនួន ៣០ដុល្លារ ជិះម៉ូតូកង់បីត្រឡប់ទៅស្ថានទូតវិញ»។ ជនសង្ស័យបានឆ្លើយថា«អត់ទៅទេ អ៊ីចឹងឱ្យលុយមកខ្ញុំ ៣០ដុល្លារមក»
ជនរងគ្រោះបានទូរសព្ទទៅឪពុកម្ដាយនៅប្រទេសឥណ្ឌូនេស៊ីឱ្យផ្ញើលុយមកចំនួន ៣០ដុល្លារ ពេលកំពុងនិយាយទូរសព្ទជនសង្ស័យបានយកទូរសព្ទរបស់ជនរងគ្រោះមកនិយាយជាមួយឪពុកម្ដាយរបស់ជនរងគ្រោះថា«បើមិនឱ្យលុយ ៣០ដុល្លារ ទេគាត់នឹងបាញ់ជើងកូនគាត់បាក់ជើង»។
បន្ទាប់មកក្រុមគ្រួសាររបស់ជនរងគ្រោះបានផ្ញើលុយមកឱ្យចំនួន ៣០ដុល្លារ រួចជនរងគ្រោះ និងជនសង្ស័យបានទៅដកលុយនៅកន្លែងវីងរួចឱ្យទៅជនសង្ស័យទាំងអស់
ពេលបានលុយហើយជនសង្ស័យបានទារលុយពីជនរងគ្រោះចំនួន ៦០ដុល្លារបន្ថែម សម្រាប់ឱ្យមិត្តភក្តិរបស់គាត់ពីរនាក់ទៀតដែលគេចខ្លួន ជនរងគ្រោះភ័យបានទូរសព្ទទៅក្រុមគ្រួសារឱ្យផ្ញើលុយមកទៀតតែក្រុមគ្រួសារផ្ញើមកតែ ៣២ដុល្លារ ទេ
ពេលនោះជនរងគ្រោះ និងជនសង្ស័យបានហៅម៉ូតូកង់បីឥណ្ឌាជិះទៅរកកន្លែងដកលុយនៅធនាគារវីងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយរង់ចាំជនរងគ្រោះចូលទៅដកលុយ យូរពេក ជនសង្ស័យបានចុះទៅតាមហើយបង្កការភ្ញាក់ផ្អើលឆោឡោនៅក្នុងធនាគារវីងនោះតែម្តង
បន្ទាប់ពីបានទទួលបានព័ត៌មានភ្លាមៗនោះសមត្ថកិច្ចចុះដល់កន្លែងកើតហេតុខាងលើ រួចឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងអាវុធខ្លី«កាំភ្លើងដែកកេះ»ចំនួន ០១ដើម និងជនរងគ្រោះនាំយកមកសាកសួរនិងបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក
*បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី






