ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុកកំរៀង ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីការទទួលយកមនុស្សដោយមានគោលដៅ ជួយដល់ជនល្មើសឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ

បាត់ដំបង៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៥:០០នាទី ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង សហការជាមួយ កម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍ស្វាយចេក បានធ្វើការទប់ស្កាត់ ករណីការទទួលយកមនុស្ស ដោយមានគោលដៅជួយដល់ជនល្មើស ឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ នៅត្រង់ចំណុចមុខធនាគារហ្វីលីព ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖ ១-ឈ្មោះ ឆាយ មាស ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមេខ្យល់ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ២-ឈ្មោះ គឹម ចាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និង៣-ឈ្មោះ ខាត់ ណាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិគោកសុក្រំ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង។ វត្ថុតាងចាប់យកបានរួមមាន រថយន្ត ០១គ្រឿង ម៉ាក Toyota Sienta ស្លាកលេខភ្នំពេញ 2AK-3627, ម៉ូតូកង់បី ០១គ្រឿង គ្មានស្លាកលេខ និងទូរស័ព្ទដៃចំនួន ០៣គ្រឿង ព្រមទាំងពលករចំនួន ០៩នាក់ ស្រី ០៥នាក់ អនីតិជន ០២នាក់។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង ០៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទទួលយកពលករ និងជួយដឹកជញ្ជូន ដើម្បីឱ្យឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ដោយទទួលថ្លៃឈ្នួលពីម្នាក់ ៤០០០បាទ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី