ភ្នំពេញ: តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៤ ខែ សីហានេះ បានសម្រេចចោទប្រកាន់ ជាផ្លូវការ ទៅលើ ស្រ្តីឈ្មោះ ចិន្តា សុវណ្ណារី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរទូរស័ព្ទ មាន ទីលំនៅស្ថិតនៅបុរីML ផ្ទះ លេខ១ ផ្លូវ លេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនឹង ការជេរប្រមាថ កងទ័ពសមរភូមិម្នាក់ និង ដាក់ទម្នាយ គាត់ ឱ្យ ស្លាប់នឹងត្រូវ គ្រាប់កាំភ្លើងចោរសៀមឈ្លានពាន។
លោកឆាយ ហុង ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យ ផ្នែកស្ថាប័ន អយ្យការ បានឱ្យដឹងថា: ចំពោះករណីនេះ, ស្រ្តីសង្ស័យ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និង ប្រមាថចំពោះអ្នករាជការសាធារណៈ តាមមាត្រា៤៧២ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យ អាច ប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេល ពី ៣ ទៅ ៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។
ស្រ្តីសង្ស័យ ដែលជាម្ចាស់ហាងទូរស័ព្ទដៃ និង ជាម្ចាស់ទំព័រហ្វេសប៊ុក «MR.8 Gaming» រូបនេះ ត្រូវឃាត់ខ្លួន កាលពី ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៦ ហើយ ឥឡូវនេះ ត្រូវបាន ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ បញ្ជូនខ្លួន ទៅឃុំ ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ សវនាការ តាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN


