រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស បានដឹកនាំកិច្ចប្រជុំស្ដីពីការណែនាំបច្ចេកទេសដល់គណៈមេប្រយោគ ប្រធានមណ្ឌល និងគណៈកម្មការនានាប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ លោក-លោកស្រីគណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំរាជធានីភ្នំពេញ ប្រធាន និងអនុប្រធានមណ្ឌលសំណេរទាំង៣៦ ក្នុងរាជធានីភ្នំពេញ និងបុគ្គលិកអប់រំនាយកដ្ឋានកិច្ចការប្រឡង សរុបចំនួនប្រមាណ ៣៧០រូប។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងណែនាំពីសមាសភាពប្រធាន អនុប្រធានមណ្ឌល និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយទាំងអស់ ដែលទទួលបន្ទុកតាមមណ្ឌលប្រឡងនានាក្នុងរាជធានីភ្នំពេញ ព្រមទាំងណែនាំពីបច្ចេកទេស តួនាទី ភារកិច្ច និងផ្ដល់អនុសាសន៍សំខាន់ៗដល់គណៈមេប្រយោគទាំងអស់សម្រាប់ដំណើរការសំណេរ សំដៅធានាឱ្យបាននូវដំណើរការនៃការប្រឡងប្រកបដោយតម្លាភាព យុត្តិធម៌ ការគោរពតាមគោលការណ៍ច្បាប់ និងលទ្ធផលទទួលយកបាន ស្របតាមពាក្យស្លោក «អ្នកចេះ គឺប្រឡងជាប់»។
បន្ទាប់ពីស្ដាប់របាយការណ៍ និងមតិសំណេះសំណាលរបស់ឯកឧត្តម អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិកអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មជំរុញនូវការធ្វើកំណែទម្រង់ការប្រឡង ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ឱ្យសម្រេចបានវឌ្ឍនភាពជាច្រើនគួរជាទីមោទនៈ។ សមិទ្ធផលធំៗទាំងនោះរួមមាន៖ ការលុបបំបាត់វប្បធម៌អវិជ្ជមានក្នុងការប្រឡង ការលើកកម្ពស់កិត្តិយសមន្ត្រីអប់រំ និងវិជ្ជាជីវៈរបស់គ្រូបង្រៀន និងការផ្លាស់ប្ដូរឥរិយាបថសិស្សឱ្យយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងប្រឡងជាប់ដោយសមត្ថភាពពិតប្រាកដ ដែលនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកនូវចំណុចសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការប្រឡង រួមមាន៖
១.សូមរក្សាឱ្យបាននូវវិន័យតឹងរ៉ឹងនៅតាមមណ្ឌលប្រឡង ជាពិសេសចំពោះការប្រើប្រាស់ទូរស័ព្ទដៃ ដោយក្រសួងនឹងអនុវត្តតាមផ្លូវច្បាប់ចំពោះរាល់ការបែកធ្លាយប្រធានវិញ្ញាសាប្រឡង។
២.ធានាឱ្យបាននូវសុវត្ថិភាពក្នុងការអនុវត្តការងារ និងការធ្វើដំណើរ ហើយសូមគោរពពេលវេលា ដាច់ខាតកុំឱ្យយឺតយ៉ាវ។
៣.គ្រប់គ្រងបច្ចេកទេសឱ្យបានម៉ឺងម៉ាត់។
៤.សូមបន្តកិច្ចសហការល្អរវាងគ្នា និងចូលរួមជួយគ្នាសម្រេចគោលដៅរួមឱ្យមានប្រសិទ្ធភាព។
៥.ត្រូវអនុវត្តភារកិច្ចឱ្យបានម៉ឺងម៉ាត់។
៦.ត្រូវរៀបចំតាមមណ្ឌលឱ្យមានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ ស្របតាមការណែនាំបច្ចេកទេស។
៧.ត្រូវធានាឱ្យបាននូវការប្រឡងដែលមានស្ដង់ដារួម ប្រកបដោយតម្លាភាព យុត្តិធម៌ សុក្រឹតភាព ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរៀនសូត្រពិតប្រាកដរបស់សិស្សានុសិស្ស និងការគាំទ្រពីសំណាក់មាតាបិតា អាណាព្យាបាល សហគមន៍ និងរាជរដ្ឋាភិបាល។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តដល់ក្រុមការងារទទួលបន្ទុកការប្រឡងឆ្នាំនេះទាំងអស់ ឱ្យបន្តខិតខំបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព ដើម្បីជំរុញឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តទៅប្រកបដោយភាពរលូនជោគជ័យ។ ព្រមជាមួយគ្នានេះ ឯកឧត្តមក៏សូមជូនពរឱ្យក្រុមការងារទាំងអស់មានសុវត្ថិភាព សុខភាពល្អ និងទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ចដ៏សំខាន់នេះ ដើម្បីរួមចំណែកពង្រឹងគុណភាពធនធានមនុស្សកម្ពុជាឱ្យកាន់តែរឹងមាំ៕រក្សាសិទ្ធិដោយ៖សុទ្ធលី














