រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំណែនាំគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និង អង្គភាពប្រឆាំងអំពើពុករលួយ លោក លោកស្រី សមាជិកគណៈកម្មការមេប្រយោគ អប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល និងសមាជិកអង្គភាពប្រឆាំងអំពើពុករលួយ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ការណែនាំ និងក្រើនរំឭកគណៈមេប្រយោគទាំងអស់ នូវការងារសំខាន់ៗ ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ ដែលក្នុងនោះរួមមាន ការធ្វើបច្ចុប្បន្នភាពគោលការណ៍ នីតិវិធីផ្សេងៗ ការអនុវត្តការងារ បច្ចេកទេស តួនាទី ភារកិច្ច និងផ្ដល់អនុសាសន៍ ដើម្បីធានាបានថា ការប្រឡងនាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះ គឺប្រឡងជាប់”។
ក្នុងឱកាសនេះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងល្អប្រសើរឡើងជាលំដាប់រវាង ក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ ចាប់តាំងពីការចាប់ផ្ដើមអនុវត្តកំណែទម្រង់ការប្រឡងជាលើកដំបូង ក្នុងឆ្នាំ២០១៤ ដែលកាលនោះបើទោះមានប្រតិកម្មជាច្រើនពីមហាជន និងមានអត្រាប្រឡងជាប់ត្រឹមតែប្រមាណ២៥%ប៉ុណ្ណោះ ក៏ក្រសួងអប់រំ យុវជន និងកីឡា នៅតែរក្សានូវជំហររឹងមាំ មិនបន្ធូរបន្ថយស្ដង់ដាការប្រឡងឡើយ ដែលនេះហើយ គឺជាចំណុចរបត់ជាប្រវត្តិសាស្ត្រនៃការវិវត្តវិស័យអប់រំនៅកម្ពុជា ក្នុងការពង្រឹងគុណភាពធនធានមនុស្ស និងភាពស្មោះត្រង់នៃការប្រឡង ព្រមទាំងបានរំលេចពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ គឺ ៖ (១) ការរៀបចំយន្តការតឹងរ៉ឹង និងស្ដង់ដាជាក់លាក់ បានពង្រឹងគ្រប់ដំណាក់កាលនៃការប្រឡង (២) ការរៀបចំប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ តឹងតែង និងអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់នេះ បានលុបបំបាត់នូវវប្បធម៌ស៊ីសំណូកនិងលួចចម្លង (៣) ការកសាងស្មារតី ភាពម្ចាស់ការ និងកិត្តិយសមន្ត្រីអប់រំ និងគ្រូបង្រៀន (៤) ការបើកទទួលយកកិច្ចសហប្រតិបត្តិការនានា ដើម្បីចូលរួមពង្រឹង និងបង្ហាញពីតម្លាភាពក្នុងដំណើរការប្រឡង (៥) ការជំរុញឱ្យមានបម្រែបម្រួលឥរិយាបថក្នុងការរៀនសូត្រ ការប្រែក្លាយទម្លាប់សិស្សឱ្យខិតខំរៀនសូត្រ ឈប់សង្ឃឹមលើព្រេងសំណាង។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គភាពប្រឆាំងអំពើពុករលួយ និងភាគីពាក់ព័ន្ធទាំងអស់ ដែលតែងតែជួយគាំទ្រដល់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ និងបានរួមចំណែកយ៉ាងសំខាន់ ជំរុញដំណើរការប្រឡងដែលជាស្នូលនៃកំណែទម្រង់វិស័យអប់រំ ឱ្យទទួលបានជោគជ័យ ព្រមទាំងបានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង ចូលរួមក្នុងការអនុវត្តកំណែទម្រង់ការប្រឡងប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ បង្កើតបាននូវវឌ្ឍនភាពជារៀងរាល់ឆ្នាំ ឆ្ពោះទៅសម្រេចនូវគោលដៅការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ជោគជ័យនៃកំណែទម្រង់ការប្រឡង បានជួយដាស់ស្មារតីសិស្សឱ្យខិតខំរៀន គ្រូខិតខំបង្រៀន និងបើកផ្លូវទៅកាន់ឱកាសជាច្រើនទៀតសម្រាប់អនាគត។ ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃអត្រាសិស្សប្រឡងថ្នាក់វិទ្យាសាស្ត្រ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងទទួលយកនូវរាល់មតិយោបល់ក្នុងន័យស្ថាបនា ដែលផ្អែកលើទិន្នន័យ និងភស្តុតាងច្បាស់លាស់។ ក្នុងន័យនេះ ក្រសួងបាននិងកំពុងបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីលើកកម្ពស់ថ្នាក់វិទ្យាសាស្ត្រ ដែលទាមទារជាចាំបាច់នូវការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺមាតាបិតា អាណាព្យាបាល និងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់សិស្ស។ បន្ថែមពីនេះ ក្រសួងក៏បាននិងកំពុងយកចិត្តទុកដាក់ធ្វើកំណែទម្រង់សាលារៀន និងគ្រូបង្រៀន ដោយការរៀបចំគោលនយោបាយលើកទឹកចិត្តជាច្រើន ដើម្បីទាក់ទាញអ្នកមានសមត្ថភាពចាប់អាជីពជាគ្រូបង្រៀន និងបន្តពង្រឹងការបណ្ដុះបណ្ដាលគ្រូ ជាពិសេសគឺការអភិវឌ្ឍវិធីសាស្ត្របង្រៀនថ្មីៗជាប្រចាំ។
កិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ គឺជាគោលការណ៍ត្រួតពិនិត្យគ្នាទៅវិញទៅមក ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ និងសុក្រឹតភាពបំផុត ក្នុងនោះមាន គោលការណ៍សម្ងាត់ ដែលមិនឱ្យអ្នកកែដឹងពីអត្តសញ្ញាណរបស់សិស្ស និងគោលការណ៍ផ្ទៀងផ្ទាត់ គឺកែមួយដងហើយ ត្រូវមានអ្នកពិនិត្យមើលម្តងទៀត និងគោលការណ៍ជាច្រើនផ្សេងទៀត ឆ្លើយតបទៅនឹងបាតុភាពនានាដែលអាចកើតមានទាំងក្នុងអំឡុងនិងក្រោយការប្រឡង៕ រក្សាសិទ្ធិដោយ៖សុទ្ធលី













