ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៦ បានបើកសវនាការលើ ជនជាប់ចោទម្នាក់ ឈ្មោះ ជា វុទ្ធី ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជា អតីត ភិក្ខុ (លោកសង្ឃ)ម្នាក់ ដែលតែងតែ ឈឺឆ្អាលនឹង រឿងប្រទេសជាតិ និង បានចូលរួម យ៉ាងសកម្មក្នុងកិច្ចការងារសង្គម នៅក្នុងប្រទេសកម្ពុជា។
សវនាការនេះ ដឹកនាំដោយ លោកស្រី ចៅក្រម យី សុខវួច និង លោកព្រះរាជអាជ្ញារង សេង រិទ្ធី ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម តាមដានស្តាប់ អំពី ក្រុមអ្នកសង្កេតការណ៍ នៃ អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលពាក់ព័ន្ធនានា ផងដែរ។ តែ ហាមឃាត់ អ្នកកាសែត ចូលស្តាប់។
លោកស្រីចៅក្រម យី សុខវួច បានថ្លែងថា: នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទ ឈ្មោះ ជា វុទ្ធី ត្រូវបានជាប់ចោទពីបទ:“ញុះញុង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម” តាមបញ្ញត្តិ មាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្ត ទៅតាមបណ្តាញ ផ្សព្វផ្សាយសង្គម នៅក្នុងក្រុម Facebook Chat នៅក្នុង ឆ្នាំ ២០២៥។
ជនជាប់ចោទត្រូវ បានចាប់ឃាត់ខ្លួន នៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៥ និង ត្រូវបានបញ្ជូន មកឃុំខ្លួន នៅក្នុង ពន្ធនាគារ PJ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៦។
លោកស្រីចៅក្រម បានបញ្ជាក់ថា: ជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន តាមដីកាតុលាការ បន្ទាប់ពីគាត់បាន ឆាត ដោយ និយាយវាយប្រហារ យ៉ាងធ្ងន់ធ្ងរ ដល់ថ្នាក់ដឹកនាំជាតិ ដែល មានចេតនា ធ្វើឱ្យ ប៉ះពាល់ និង បង្កធ្វើឱ្យមានភាពវឹកវរដល់ សន្តិសុខជាតិ ដែលទាក់ទង ទៅនឹង ជម្លោះព្រំដែនកម្ពុជា-ថៃ។
សូមបញ្ជាក់ថា: នាពេល សវនាការ ជនជាប់ចោទ ព្រមទាំង សហមេធាវី ការពារក្តីរបស់គាត់ បានបដិសេធ ចំពោះការចោទប្រកាន់ខាងលើ និង សំណូមពរ ដល់ លោកស្រី ចៅក្រមជំនុំជម្រះ មេត្តា ទម្លាក់ចោលបទប្រកាន់ និង សម្រេច ដោះលែង អតីត ភិក្ខុ ជា វុទ្ធី ពី ពន្ធនាគារ។
សំណុំរឿងនេះ, តុលាការនឹងប្រកាសសាលក្រម នៅរសៀលថ្ងៃ ទី ១៩ ខែ សីហា ខាងមុខនេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN



