ខេត្តបាត់ដំបង៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិជំហាន២ របស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅរសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, អភិបាលរងតំណាងអភិបាលខេត្តប៉ៃលិន និងបន្ទាយមានជ័យ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ, តំណាងមន្ទីរ/អង្គភាពនានាជុំវិញខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) សរុបចំនួន ១៥៦រូប។
ពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិជំហាន២នាពេលនេះ នឹងបន្តគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍ភូមិ តាមរយៈគម្រោងការកសាងភូមិសន្តិភាព ការអភិវឌ្ឍសហគមន៍ជនបទចម្រុះ និងជំរុញការអភិវឌ្ឍសហគមន៍ជនបទ ការលើកកម្ពស់ភាពជាអ្នកដឹកនាំ បង្កើនការចូលរួម និងភាពជាម្ចាស់ ព្រមទាំងពង្រឹងសមត្ថភាពលើពិភាក្សា កំណត់បញ្ហា តម្រូវការ និងអាទិភាពនានា សម្រាប់ផែនការអភិវឌ្ឍន៍ភូមិរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ សម្រាប់គម្រោងការកសាងភូមិសន្តិភាពជំហាន១ និងជំហាន២ នេះ បាននិងកំពុងដំណើការអភិវឌ្ឍន៍ភូមិចំនួន ៣០ភូមិ នៅក្នុងខេត្តគោលដៅទាំង ៣ គឺខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ក្នុងគោលដៅជំរុញការអភិវឌ្ឍខេត្តនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាដែលជាតំបន់ដែលធ្លាប់រងគ្រោះដោយជម្លោះ និងគ្រាប់មីនពីអតីតកាល ឱ្យក្លាយទៅជាទឹកដីសន្តិភាពប្រកបដោយចីរភាព និងវិបុលភាពរួមគ្នា៕ រក្សាសិទ្ធិដោយ៖សុទ្ធលី








