ខេត្តកំពង់ចាម៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ថ្លែងថា គុណភាពនៃការ ផ្តល់សេវារដ្ឋបាល គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពរដ្ឋបាល អភិបាលកិច្ចល្អ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើស្ថាប័នរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល។ ការថ្លែងយ៉ាងដូច្នេះនាឱកាសដែលឯកឧត្តម ដឹកនាំក្រុមការងារអន្តរក្រសួង ជួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋ បាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តម សួស ប្រាថ្នា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមកង្វល់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងការទទួលសេវារដ្ឋបាល។
ឯកឧត្តមអគ្គនាយក បានបញ្ជាក់យ៉ាងច្បាស់ថា «ការចុះមកពេលនេះ គឺដើម្បីរួមគ្នាពិនិត្យ និងកែលម្អប្រព័ន្ធការងារឱ្យកាន់តែរលូន មិនមែនជាការចុះមកដកស្រង់កំហុស ឬដាក់សម្ពាធលើអង្គភាពណាមួយនោះឡើយ»។ ក្រុមការងារចង់ស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែង ដើម្បីជួយសម្រួល និងកំណត់ស្ថាប័នទទួលខុសត្រូវឱ្យបានច្បាស់លាស់ សំដៅធានាថា រាល់ឯកសាររបស់ប្រជាពលរដ្ឋទទួលបានការមើលថែ និងដោះស្រាយបានទាន់ពេលវេលា។
ឯកឧត្តមអគ្គនាយក ក៏បានលើកទឹកចិត្តឱ្យមន្ត្រីរាជការ និងភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមផ្ដល់ជាមតិយោបល់ ចែករំលែកនូវបទពិសោធន៍ និងលើកឡើងនូវបញ្ហាប្រឈមនានាពាក់ព័ន្ធ និងវិស័យដីធ្លី និងវិស័យផ្សេងៗទៀតឱ្យបានផុលផុស ដើម្បីឱ្យក្រុមការងារបូកសរុបធាតុចូល ជូនថ្នាក់ដឹកនាំ និងគោរពស្នើសុំគោលការណ៍ណែនាំពី សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅកែសម្រួលនីតិវិធីការងារឱ្យកាន់តែសាមញ្ញ និងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាន៍ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកំពង់ចាម បានផ្តល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋបានចំនួន ២០៣.៧០៤ សេវា ដោយក្នុងនោះ៖ អង្គភាពច្រកចេញចូលតែមួយ ២១,៥១៣ សេវា, ការិ.ច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង/ស្រុក ១០៦.០៣១ សេវា, និងយន្តការ.ច្រកចេញចូលតែមួយរដ្ឋបាលឃុំ/សង្កាត់ មាន ៧៦.១៦០ សេវា។ ដោយឡែកការផ្តល់សេវាលើវិស័យ ដែនដី នគរូបនីយកម្ម និងសំណង់ (ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ) បានបញ្ចប់ការវាស់វែង ៩១៧.៧៩៥ ប័ណ្ណ៖ ប័ណ្ណដែលត្រូវផ្តល់ ជូនប្រជាពលរដ្ឋ៖ ៨៩៥.៥៦៥ប័ណ្ណ, ចែកជូនប្រជាពលរដ្ឋរួចរាល់៖ ៨៨៩.៧១០ ប័ណ្ណ, និងកំពុងបន្តចែក៖ ៥.៨៥៥ប័ណ្ណ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានខិតខំពន្លឿនការដោះស្រាយលើការផ្តល់សេវាលើវិស័យដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានការកកស្ទះចំនួន ៧.០៥៩ សេវា ដោយសម្រេច និងផ្តល់ប័ណ្ណដល់ដៃជូនប្រជាពលរដ្ឋបានចំនួន ៥.០០០សេវា និងចំនួន ២.០៥៩ សេវាទៀត កំពុងបន្តដំណើរការយុន្តការផងដែរ។រក្សាសិទ្ធដោយៈភ្នំប្រុសភ្នំស្រី










