សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធការងាររបស់សមាគមនារីប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវគ្រប់សាខា ក្រសួង-ស្ថាប័ន និង ២៥ រាជធានី-ខេត្ត និងតាមប្រព័ន្ធហ្សូម សរុបជាង ១.០០០នាក់ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ។
ថ្លែងក្នុងពិធីនោះ សម្តេចបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ភាពវៃឆ្លាត និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ មន្ត្រី និងសមាជិកាទាំងអស់នៅគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីលះបង់ខ្ពស់ក្នុងការបម្រើបុព្វហេតុស្ត្រី និងកុមារ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបាន្តទៀតថា នៅក្នុងអណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយលើកស្ទួយ និងគាំទ្រស្ត្រីនៅគ្រប់លំដាប់ថ្នាក់ ត្រូវបានបន្តរឹតតែពង្រឹងយ៉ាងរឹងមាំ តាមរយៈ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។ សម្តេចធិបតី តែងតែបានគូសបញ្ជាក់យ៉ាងច្បាស់ អំពីការបង្កើនកលានុវត្តភាពដល់ស្ត្រី ការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសមត្ថភាពឌីជីថល សេដ្ឋកិច្ចរបស់ស្ត្រី ព្រមទាំងការការពារសិទ្ធិ សុខុមាលភាពស្ត្រី និងកុមារនៅគ្រប់កាលៈទេសៈ។
ដើម្បីប្រែក្លាយអនុសាសន៍ដឹកនាំឱ្យក្លាយទៅជា លទ្ធផលជាក់ស្តែង សម្រាប់ទិសដៅអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ នេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្នើឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍គ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួនដូចខាងក្រោម៖
១. ពង្រឹង និងពង្រីកការកសាងសមត្ថភាពស្ត្រី៖ ត្រូវបន្តរៀបចំ វគ្គបណ្តុះបណ្តាលជំនាញ ភាពជាអ្នកដឹកនាំ និងចំណេះដឹង ផ្នែកឌីជីថល ដល់បណ្តាញស្ត្រីនៅមូលដ្ឋាន ដើម្បីប្រៀបចំស្ត្រីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែង និងឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ។
២. បន្តពង្រឹងបណ្តាញសមាគមនៅថ្នាក់មូលដ្ឋាន៖ ចុះជាប់ជា មួយប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារងាយរងគ្រោះ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា និង រួមចំណែកលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស។
៣. រក្សាសាមគ្គីភាព និងកិច្ចសហការ៖ ពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ ដើម្បី ឱ្យសកម្មភាពរបស់សមាគមប្រព្រឹត្តទៅដោយរលូន និងមាន ប្រសិទ្ធភាពខ្ពស់។
៤. ស្ត្រីនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវខិតខំអនុវត្តសម្រេចឲ្យបាននូវជោគជ័យ នៃសេចក្តីសម្រេចផែនការសកម្មភាព របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី ដើម្បីចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី ៦ ឆ្នាំ ២០២៧ នាពេលខាងមុខ៕ See lessរក្សាសិទ្ធិដោយ៖សុទ្ធលី












