សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និង លោកជំទាវ អាលី វង្សណរប៊ុនថាំ គណៈកម្មាធិការ កណ្តាល គណៈបក្សប្រជាជនបដិវត្តឡាវ ប្រធានសហព័ន្ធនារីឡាវ បានអញ្ជើញទស្សនកិច្ច សិប្បកម្មតម្បាញសូត្រ ហូលខ្មែរ ដែលមានម្ចាស់អាជីកម្ម កុង ជ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នារសៀលថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។
គួររំលឹកផងដែរថា តម្បាញសូត្រ និង ហូលខ្មែរគឺជាមុខរបរ និងសិល្បៈហត្ថកម្មដ៏ចំណាស់មួយដែលឆ្លុះបញ្ចាំងពីវប្បធម៌ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាតាំងពីសម័យបុរាណមក ដល់បច្ចុប្បន្ន។
សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ការគាំទ្រផលិតផលសូត្រ និង ហូលខ្មែរ ជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ស្រ្តីកសិករ អ្នកចិញ្ចឹមដង្កូវនាង និងអ្នកត្បាញនៅតាមសហគមន៍ជនបទ។ មិនត្រឹមតែប៉ុណ្ណោះ គឺបានជួយកាត់បន្ថយការនាំចូលក្រណាត់ពីបរទេស និងលើកស្ទួយផលិតផលក្នុងស្រុកឲ្យមានឈ្មោះប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ។
សិល្បៈតម្បាញនេះ ក៏បានបង្ហាញអំពីការលើកកម្ពស់ប្រពៃណី និងវិស័យវាយនភណ្ឌទូទាំងពិភពលោកប្រកបដោយចីរភាព ស្របពេលបង្កើតបាននូវ ឯករាជ្យភាពផ្នែកសេដ្ឋកិច្ច និងបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីតម្បាញទូទាំងតំបន់អាស៊ាន។
យោងតាមការលើកឡើងររបស់ លោកស្រី អ៊ុក ដាវី ជាអ្នកតម្បាញ ក៏បានបង្ហាញអំពីក្តីរំភើបជាពន់ពេក ដែលបានឃើញថ្នាក់ដឹកនាំជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានអញ្ជើញចុះទៅជួបសំណេះសំណាល ស្វែងយល់ពីសិប្បកម្មដោយដៃ។ ទទ្ទឹមនឹងក្តីរំភើបនោះ លោកស្រីក៏បាន បង្ហាញអំពីក្តីបារម្មណ៍ នៅពេលដែលអ្នកប្រើប្រាស់សូត្រ និងហូលខ្មែរ ពុំសូវមានសន្ទុះគាំទ្រ ខ្លាំង ។ លោកស្រីក៏បានបង្ហាញពីក្តីបារម្មណ៍ ក្នុងការថែរក្សាកេរ្តិ៍ដំណែលនៃសិល្បៈ តម្បាញនេះ ។ លោកស្រី ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាគាំទ្រដល់សូត្រខ្មែរ និងលើកកម្ពស់ផលិតផលក្នុងស្រុក ដើម្បីជាការរក្សាកេរ្តិ៍ដំណែលផល និងជាការផ្តល់កម្លាំងចិត្តដល់អ្នកផលិតផងដែរ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី




















