ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាចុងខែកក្កដានេះ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភា គ្រោងជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស និងជាប្រធានរដ្ឋវៀតណាម ជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និង ជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម ។
ជាមួយគ្នានេះ ក្នុងកម្រិតគណៈកម្មការជំនាញនៃរដ្ឋសភាប្រទេសទាំងពីរ សមាជិកគណៈប្រតិភូដែលអមដំណើរសម្តេចប្រធានរដ្ឋសភានឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីវៀតណាម ក្នុងការចែករំលែកព័ត៌មាន ផ្លាស់ប្តូរបទពិសោធជាមួយគ្នាផងដែរ។
ក្រៅពីនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា ក៏គ្រោងអញ្ជើញទស្សនកិច្ចទីតាំងសំខាន់ៗ រួមមានតំបន់ឧស្សាហកម្ម តំបន់វប្បធម៌ ទេសចរណ៍ និងមន្ទីរពេទ្យនៃប្រទេសវៀតណាម ដើម្បីភ្ជាប់ទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ក៏ដូចជាដើម្បីពង្រឹងវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ សេវាសុខាភិបាល សំដៅបម្រើឧត្តមប្រយោជន៍ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរបន្ថែមទៀត៕រក្សាសិទ្ធិដោយ៖សុទ្ធលី