ស្ត្រីម្នាក់បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ #SokChea កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហោះរូបភាព សមាជិកក្រុមប្រឹក្សាក្រុង ០១រូប និង នគរបាល ចំនួន ០៤រូប នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាមួយចំណងជើងថា៖ “អស់លោកដែលយកកាតមកដាក់នឹងខ្ញុំសូមជួយដោះស្រាយលុយ ឱ្យខ្ញុំផងខ្ញុំទុកពេលអោយយូរហើយ” ។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បំភ្លឺពាក់ព័ន្ធនឹងមន្រ្តីនគរបាលយកអត្តសញ្ញាណបណ្ណនគរបាលជាតិទៅដាក់បញ្ចាំ។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានចេញបំភ្លឺ ក្រោយស្រ្តីម្នាក់បានបង្ហោះតាមបណ្តាញសង្គមថា មានមន្រ្តីនគរបាលយកអត្តសញ្ញាណបណ្ណនគរបាលជាតិទៅដាក់បញ្ចាំ និងសុំឲ្យបុគ្គលទាំងនោះដោះស្រាយបំណុលជាមួយគាត់ផង ។
បើតាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប, កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ស្ត្រីម្នាក់បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Sok Chea បានបង្ហោះរូបភាព សមាជិកក្រុមប្រឹក្សាក្រុង១រូប និងនគរបាលចំនួន៤រូប នៃស្នងការដ្ឋាននគរបាលខេត្ត ជាមួយចំណងជើងថា «អស់លោកដែលយកកាតមកដាក់នឹងខ្ញុំ សូមជួយដោះស្រាយលុយ ឱ្យខ្ញុំផងខ្ញុំទុកពេលឱ្យយូរហើយ» ។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ទុកថា ពាក់ព័ន្ធនឹងករណីនេះ គឺជាករណីឯកជនរវាងបុគ្គល និងបុគ្គល ដោយមិនមានអ្វីពាក់ព័ន្ធនឹងអង្គភាពនោះឡើយ ។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះអត្តសញ្ញាណបណ្ណនគរបាលជាតិ ស្លាកសញ្ញាសម្គាល់នគរបាលជាតិ ឯកសណ្ឋាន មុខងារតួនាទី ឬឯកសារនានា ដែលពាក់ព័ន្ធនឹងក្របខណ្ឌមន្ត្រីនគរបាលជាតិ គឺសម្រាប់ប្រើប្រាស់បញ្ជាក់អំពី អត្តសញ្ញាណ នៃបុគ្គលដែលជាមន្ត្រីនគរបាលជាតិ ដើម្បីប្រើប្រាស់នៅក្នុងក្របខណ្ឌ ឬក្នុងអង្គភាពតែប៉ុណ្ណោះ មិនអាចយកទៅប្រើប្រាស់ ក្នុងការទំនាក់ទំនងឯកជនណាមួយផ្សេងនោះទេ។ ដូច្នេះសូមកុំពង្រីកឱ្យបញ្ហានេះ មកប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អង្គភាព និងកងកម្លាំងទាំងអស់ ដែលកំពុងខិតខំប្រឹងប្រែងបម្រើកិច្ចការដល់ប្រជាពលរដ្ឋបានយ៉ាងល្អ។ ជារឿងដែលគួរឱ្យសោកស្ដាយ ផងដែរ ដោយភាគីម្ចាស់បំណុលទទួលយកអត្តសញ្ញាណបណ្ណនគរបាលជាតិ ជាវត្ថុបញ្ចាំ ដែលជារឿងខុសទៅ នឹងច្បាប់ ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានលើកទឹកចិត្តឱ្យភាគីម្ចាស់បំណុល ព្យាយាមដោះស្រាយតាមផ្លូវច្បាប់ជាមួយនឹងកូនបំណុល ហើយចំពោះកូនបំណុល ក៏មានកាតព្វកិច្ចទទួលខុសត្រូវ ចំពោះម្ចាស់បំណុលតាមផ្លូវច្បាប់ផងដែរ ជាជាងការប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ផ្សព្វផ្សាយដែលនាំ ឱ្យប៉ះពាល់ដល់អារម្មណ៍របស់មហាជន មកលើកងកម្លាំងនគរបាលជាតិទាំងមូល ។
យោងទៅលើមានករណីកើតឡើងបែបនេះ ជាថ្មីម្តងទៀត ស្នងការនគរបាលខេត្តសៀមរាប សូមឱ្យបញ្ឈប់រាល់ការប្រើប្រាស់អត្តសញ្ញាណបណ្ណនគរបាលជាតិ ស្លាកសញ្ញាសម្គាល់ នគរបាលជាតិ ឯកសណ្ឋាន ឬមុខងារក្នុងក្របខណ្ឌ ទៅប្រើប្រាស់ក្នុងការបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួន ដែលមិនមែនជាប្រយោជន៍រួម ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើអស់ទាំងនេះទៀត មន្ត្រីរូបនោះនឹងត្រូវទទួលរង វិន័យនគរបាលជាតិកម្ពុជា ។
ចំពោះមន្ត្រីនគរបាលជាតិរូបណា ដែលយកអត្តសញ្ញាណបណ្ណនគរបាលជាតិទៅ ធានា ឬប្រើប្រាស់ក្នុងន័យបម្រើផលប្រយោជន៍ឯកជនផ្ទាល់ខ្លួននោះ សូមមេត្តាកុំទទួល ឬទំនាក់ទំនងជាមួយ។ នេះជាការព្រមានរបស់ស្នងការនគរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៕រក្សាសិទ្ធិដោយ៖សុទ្ធលី







