សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវកំណែទម្រង់ដ៏សំខាន់ មួយពាក់ព័ន្ធនឹងសហគ្រាសខ្នាតតូចនិងមធ្យម (SME) ដោយត្រូវសហការគ្នាធ្វើយ៉ាងណាឱ្យដំណើរការចុះបញ្ជី ប្រព្រឹត្តទៅបានលឿនរហ័ស ដោយមិនតម្រូវឱ្យសហគ្រិនត្រូវសុំច្បាប់ក្រសួង ស្ថាប័នច្រើនកន្លែងដូចពីមុនឡើយ ពោលគឺក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រួលនីតិវិធីទាំងអស់ជូនដល់អ្នកស្នើសុំចុះបញ្ជី ហើយត្រូវការពារផលប្រយោជន៍របស់ពួកគេ តាមរយៈការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយឱ្យមានប្រសិទ្ធភាព។ នេះបើយោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចនឹងតាមដានដោយផ្ទាល់ដើម្បីជំរុញឱ្យការងារនេះសម្រេចបានជោគជ័យ។
ជាដំបូងខ្ញុំសូមអរគុណចំពោះការចូលរួមជាមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូចនិងមធ្យម (SME) ជួបប្រទះ។ ផ្អែកលើយោបល់របស់បងប្អូននិងលទ្ធផលនៃការសិក្សាស្រាវជ្រាវ ពិគ្រោះយោបល់បន្ថែមជាមួយតួអង្គពាក់ព័ន្ធ ជាពិសេសវិស័យឯកជន រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនដើម្បីដោះស្រាយបញ្ហាសំខាន់ៗជូន SME ។រក្សាសិទ្ធិដោយ៖សុទ្ធល






