ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែលការពារហិរញ្ញវត្ថុកម្ពុជា៖ ហ្វតតេ សាទរខួប ២៧ ឆ្នាំ នៃទំនុកចិត្ត និងភាពធន់ផ្នែកហិរញ្ញវត្ថុនៅកម្ពុជា និងក្នុងតំបន់

រាជធានីភ្នំពេញ ប្រទេសកម្ពុជា — ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ — ប្រសិនបើយើងក្រឡេកមើលកម្ពុជាអំឡុងឆ្នាំ១៩៩៩ បរិបទវិស័យហិរញ្ញវត្ថុនៅមានកម្រិតនៅឡើយ។ អាជីវកម្មនានាទើបតែចាប់ផ្តើម រីឯគោលគំនិតនៃការកសាងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុគឺស្ទើរតែមិនទាន់មាននៅឡើយ។ ស្ថិតក្នុងបរិបទនៃការស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញនេះហើយ ដែលក្រុមហ៊ុន ហ្វតតេ បានចាប់ផ្តើមបោះជំហាន និងកសាងមូលដ្ឋានគ្រឹះនៅក្នុងវិស័យធានារ៉ាប់រង។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវលើទីផ្សារធានារ៉ាប់រង ហ្វតតេ មិនត្រឹមតែបានបង្កើតក្រុមហ៊ុនមួយប៉ុណ្ណោះទេ ប៉ុន្តែបានចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធអរូបិយក្នុងការកសាងភាពធន់សម្រាប់សង្គមជាតិ។

ថ្មីៗនេះ ក្រុមហ៊ុន ហ្វតតេ បានប្រារព្ធពិធីអបអរសាទរជាផ្លូវការ ខួប ២៧ ឆ្នាំ ក្នុងការការពារក្រុមគ្រួសារ និងអាជីវកម្មនានានៅទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់។ ការសាទរជាប្រវត្តិសាស្ត្រក្រោមប្រធានបទ «២៧ ឆ្នាំនៃទំនុកចិត្ត និងភាពធន់» នេះ ហ្វតតេ គ្រុប បានឆ្លុះបញ្ចាំងពីបម្រែបម្រួលហានិភ័យម៉ាក្រូសេដ្ឋកិច្ចឱ្យទៅជាឱកាសអស់រយៈពេលជិតបីទសវត្សរ៍ ដោយបានដើរតួជាកម្លាំងចលករដ៏រឹងមាំនៅពីក្រោយភាពរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា។

ការដាំគ្រាប់ពូជនៃភាពប្រាកដប្រជា
ការវិវត្តរបស់សេដ្ឋកិច្ច សុទ្ធតែទាមទារឱ្យមានគ្រឹះនៃទំនុកចិត្តដ៏រឹងមាំ។ ក្នុងរយៈពេល ២៧ ឆ្នាំកន្លងមកនេះ ការរួមចំណែកដ៏ធំរបស់ ហ្វតតេ មិនត្រឹមតែជាការវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រងប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ជូននូវ «ភាពប្រាកដប្រជា»។ ជាក់ស្តែង បណ្តាម្ចាស់សហគ្រាសអាចពង្រីកអាជីវកម្មបាន ឬ វិស័យឧស្សាហកម្មនានាអាចរីកចម្រើនទៅបាន ឬ បណ្តាគ្រឹះស្ថានធនាគារអាចផ្តល់ឥណទានប្រកបដោយសុវត្ថិភាពជូនទៅកាន់ម្ចាស់កម្ចីបាន ឬ ក្រុមគ្រួសារជាច្រើនបានយល់ដឹងអំពីគ្រោះថ្នាក់ចៃដន្យនានា ទាំងអស់នេះកើតចេញពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន ហ្វតតេ ក្នុងការរង់ចាំជួយសម្រាលបន្ទុក និងផ្តល់ដំណោះស្រាយប្រកបដោយទំនួលខុសត្រូវ។

ទោះជាយ៉ាងណាក៏ដោយ ភាពធន់ពិតប្រាកដ គឺទាមទារឱ្យមានទស្សនៈវិស័យវែងឆ្ងាយ។ ដើម្បីធានានូវអនាគតដ៏ត្រចះត្រចង់ ហ្វតតេ យល់ឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុនត្រូវវិនិយោគលើកត្តាធនធានមនុស្សជាភាពចាំបាច់ ព្រមទាំងលើកកម្ពស់ស្តង់ដាប្រតិបត្តិការក្នុងតំបន់ ដើម្បីទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីនេះប្រកបដោយនិរន្តរភាព។

លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ ហ្វតតេ គ្រុប បានមានប្រសាសន៍ថា៖
«ដំណើរប្រកបដោយចីរភាពអស់រយៈពេល ២៧ ឆ្នាំរបស់យើង គឺផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ យើងមានជំនឿចិត្តយ៉ាងមុតមាំថា ស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង ទាមទារឱ្យមានអ្នកជំនាញក្នុងស្រុកពិតប្រាកដ។ យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលបានក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងការបង្កើតកម្មវិធីអាហារូបករណ៍សម្រាប់អ្នកជំនាញគណនាបុព្វលាភធានារ៉ាប់រង (Actuarial Scholarship) ជូនដល់និស្សិតកម្ពុជា ដែលជាការបណ្តុះគ្រាប់ពូជថ្មីសម្រាប់ប្រព័ន្ធអេកូឡូស៊ីធានារ៉ាប់រង និងកសាងសមត្ថភាពធនធានមនុស្សដើម្បីជំរុញដល់ស្ថិរភាពយូរអង្វែងរបស់សង្គមជាតិ»។

ដើម្បីពង្រីកចក្ខុវិស័យនៃកំណើនប្រកបដោយចីរភាព លោក Sergei Korol ប្រធាននាយកប្រតិបត្តិធានារ៉ាប់រងនៃ ហ្វតតេ គ្រុប បានសង្កត់ធ្ងន់លើគ្រឹះបច្ចេកទេស និងការវាយតម្លៃហានិភ័យដ៏រឹងមាំ ដែលជាបង្អែកនៃស្ថិរភាពរយៈពេលវែងក្នុងតំបន់របស់ ហ្វតតេ៖
«ភាពធន់ផ្នែកហិរញ្ញវត្ថុពិតប្រាកដ ត្រូវបានកសាងឡើងដោយផ្អែកលើសុខដុមនីយកម្មនៃការវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រងប្រកបដោយភាពរឹងមាំ ការគ្រប់គ្រងហានិភ័យយ៉ាងម៉ត់ចត់ និងនវានុវត្តន៍ឆ្លើយតបតាមតម្រូវការក្នុងស្រុក។ ក្នុងរយៈពេល ២៧ ឆ្នាំកន្លងមកនេះ ហ្វតតេ មិនត្រឹមតែបានកំណត់បទដ្ឋានស្តង់ដារនៃការគាំពារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្តណែនាំ អភិវឌ្ឍន៍ និងបន្ស៊ីការងារជំនាញធានារ៉ាប់រងឱ្យស្របតាមតម្រូវការនៃការផ្លាស់ប្តូររបស់ប្រទេសជាតិ តាមរយៈការដាក់ចេញនូវទម្រង់គាំពារហានិភ័យថ្មីៗ សេវាកម្មដ៏សមស្រប ប្រតិបត្តិការឌីជីថល និងការវិនិយោគលើទេពកោសល្យធនធានមនុស្សជាប្រចាំ។ គោលដៅរបស់យើង គឺធានាថា នៅពេលដែលបរិបទសេដ្ឋកិច្ចកម្ពុជាមានការវិវឌ្ឍ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ លទ្ធភាពផលិតផល និងគុណភាពសេវាកម្មរបស់យើង នៅតែជានិមិត្តរូបបង្អែកយ៉ាងរឹងមាំសម្រាប់ដៃគូអាជីវកម្ម និងអតិថិជន»។

ធនធានមនុស្សក្នុងស្រុក៖ កម្លាំងចលករនៃភាពជាអ្នកដឹកនាំ
ភាពជាអ្នកដឹកនាំទីផ្សារប្រកបដោយចីរភាពរបស់ ហ្វតតេ គឺស្ដែងឱ្យឃើញថា ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ គឺត្រូវតែកសាងឡើងចាប់តាំងពីគ្រឹះខាងក្រោមមក។ ក្នុងបរិបទអាជីវកម្មក្នុងតំបន់ ភាគច្រើនតែងតែនាំចូលថ្នាក់ដឹកនាំពីក្រៅស្រុក ដោយឡែក ហ្វតតេ បានចំណាយពេលជិតបីទសវត្សរ៍ដើម្បីសាបព្រោះ និងបង្ហាញថា ការជឿជាក់លើធនធានមនុស្សក្នុងស្រុក គឺជាឧត្តមភាពនៃការប្រកួតប្រជែងដ៏អស្ចារ្យបំផុត។

ជាតឹកតាងជាក់ស្តែង លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយកនៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនចាប់តាំងពីបុគ្គលិកកម្រិតដំបូង រហូតទទួលបានការទុកចិត្តឱ្យដឹកនាំក្រុមហ៊ុនធានារ៉ាប់រងទូទៅនាពេលបច្ចុប្បន្ន៖
«ភាពរីកចម្រើនរបស់យើង មិនមែនកំណត់ត្រឹមតែតួលេខនោះទេ ប៉ុន្តែវាត្រូវបានស្តែងឡើងតាមរយៈសមត្ថភាពនៃធនធានមនុស្សរបស់យើង។ រូបខ្ញុំផ្ទាល់គឺជាផ្លែផ្កាដែលកើតចេញពីការប្តេជ្ញាចិត្តរបស់ ហ្វតតេ ក្នុងការបណ្តុះបណ្តាល និងជ្រោមជ្រែងទេពកោសល្យដល់បុគ្គលិក។ អស់រយៈពេលជិតបីទសវត្សរ៍មកនេះ អត្តសញ្ញាណស្នូលរបស់ ហ្វតតេ នៅតែមិនប្រែប្រួល៖ យើងបានផ្តោតសំខាន់លើការកសាងស្ថាប័នដោយយកកត្តាធនធានមនុស្សជាស្នូល។ តាមរយៈការផ្តល់សិទ្ធិអំណាច និងពង្រឹងសមត្ថភាពដល់ក្រុមការងារ យើងអាចបំប្លែងរាល់បញ្ហាប្រឈមឱ្យទៅជាឱកាស និងផ្តល់ជូននូវ «ធានារ៉ាប់រងដ៏សម្បូរបែបស្ថិតនៅកន្លែងតែមួយ» ដ៏គួរឱ្យទុកចិត្តសម្រាប់ប្រជាជនកម្ពុជា»។

ក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រងក្នុងតំបន់៖ ការពារ តស៊ូអំណត់ និងវិបុលភាព
នៅពេលដែល ហ្វតតេ មានភាពចាស់ទុំ និងរឹងមាំ វត្តមានរបស់ក្រុមហ៊ុនបានចាក់គ្រឹះយ៉ាងជ្រៅក្នុងប្រទេសកម្ពុជា រីឯចក្ខុវិស័យរបស់ក្រុមហ៊ុនក៏ត្រូវបានពង្រីកវិសាលភាពជាបន្តបន្ទាប់។ ហ្វតតេ គ្រុប បានពង្រីកអាជីវកម្មបន្ថែមទៀត តាមរយៈការបង្កើត ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ក្នុងឆ្នាំ២០១៩។

ទោះបីជាមានបម្រែបម្រួលសេដ្ឋកិច្ចជាហូរហែយ៉ាងណាក៏ដោយ ហ្វតតេ បានបង្ហាញនូវការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយវិន័យ ដែលនេះជាអត្តសញ្ញាណរបស់ ហ្វតតេ។ ចាប់តាំងពីថ្ងៃបង្កើតឡើងដំបូង ហ្វតតេ ឡាយហ្វ៍ បានបន្តដើរតួជាអ្នកត្រួសត្រាយផ្លូវ ដោយផ្តល់នូវដំណោះស្រាយធានារ៉ាប់រងប្រកបដោយនវានុវត្តន៍ និងវិធីសាស្ត្រថ្មីៗជូនដល់អតិថិជន។ ក្នុងឱកាសដែល ហ្វតតេ គ្រុប ប្រារព្ធខួប ២៧ ឆ្នាំនៃការការពារក្រុមគ្រួសារ អាជីវកម្ម និងទ្រព្យសម្បត្តិ ព្រមទាំងគាំទ្រដល់កំណើនសេដ្ឋកិច្ច ហ្វតតេ ឡាយហ្វ៍ បានប្រកាន់ខ្ជាប់នូវទិសដៅ៖ ផ្តល់ការការពារជូនអតិថិជនឱ្យបានកាន់តែច្រើន (Protect), តស៊ូអំណត់ជាប្រចាំរាល់បញ្ហាប្រឈមទាំងអស់ (Persist) និង វិបុលភាពជាមួយសហគមន៍របស់យើង (Prosper)។

នៅក្នុងឆ្នាំនេះ យើងបានធ្វើឱ្យទិសស្លោកនេះក្លាយជាការកសាងសមិទ្ធផលពិតប្រាកដ តាមរយៈលទ្ធផលប្រតិបត្តិការដ៏រឹងមាំ ផ្តល់សេវាជូនអតិថិជនកាន់តែទូលំទូលាយ និងអនុវត្តការងារប្រកបដោយវិន័យ។

លោក ព្រូ ស៊ីថន អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានរំលេចអំពីរបត់ដ៏សំខាន់នេះថា៖
«ហ្វតតេ ឡាយហ្វ៍ បានឈានចូលទំព័រប្រវត្តិសាស្ត្រថ្មីមួយដោយភាពជឿជាក់ និងភាពធន់។ គោលការណ៍ស្នូលរបស់យើងគឺសាមញ្ញបំផុត៖ ការពារ តស៊ូអំណត់ និងវិបុលភាព។ លើសពីប្រាក់ចំណេញ គោលបំណងរបស់យើងគឺផ្តោតលើកត្តាធនធានមនុស្សជាស្នូល—បណ្ណសន្យារ៉ាប់រងនីមួយៗតំណាងឱ្យកិត្តិយស ក្តីសង្ឃឹម និងភាពជឿជាក់សម្រាប់គ្រួសារកម្ពុជាក្នុងការរៀបចំផែនការសម្រាប់អនាគត ខណៈពេលដែលយើងកំពុងកសាង ហ្វតតេ ឡាយហ្វ៍ ឱ្យក្លាយជាឈ្មោះដែលគ្រប់គ្នានឹកឃើញមុនគេ និងជានិមិត្តរូបជាតិនៃភាពជឿនលឿន»។

ភាពធន់នៃអ្នកបន្តវេន
រយៈពេល ២៧ ឆ្នាំ គឺជាដំណាក់កាលនៃមនុស្សមួយជំនាន់។ វាជាពេលវេលាសមរម្យដើម្បីឃើញកុមារម្នាក់ធំធាត់ឡើង អាជីវកម្មបង្កើតថ្មី រីកចម្រើនរហូតក្លាយជាក្រុមហ៊ុនសម្ព័ន្ធ និងប្រទេសជាតិបានប្រែមុខមាត់នៅលើឆាកអន្តរជាតិ។ រាល់គ្រប់ដំណាក់កាលទាំងអស់នេះ ហ្វតតេ គឺជាចលករនៃការការពារដ៏រឹងមាំ និងគួរឱ្យទុកចិត្តនៅពីក្រោយកំណើនរបស់ប្រទេសកម្ពុជា ដែលនេះសបញ្ជាក់ពីលទ្ធផលដែលកើតចេញពីការបន្ស៊ីដ៏ជោគជ័យរបស់ក្រុមហ៊ុនទៅនឹងវិបុលភាពរបស់ប្រជាជន។

នៅពេលដែល ហ្វតតេ បោះជំហានចូលទៅកាន់ទំព័រថ្មី ការប្តេជ្ញាចិត្តនៅតែរក្សាដដែល៖ ជាខែលការពារហិរញ្ញវត្ថុដ៏រឹងមាំបំផុតរបស់ជាតិ ជួយប្រជាជនឱ្យការពារសមិទ្ធផលដ៏មានតម្លៃរបស់ខ្លួន ជម្នះរាល់បញ្ហាប្រឈម និងឈានទៅរកវិបុលភាពនៅថ្ងៃអនាគត។

អំពីក្រុមហ៊ុន ហ្វតតេ
ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ និងជាអ្នកត្រួសត្រាយផ្លូវក្នុងតំបន់ ដោយផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិតគ្រប់ជ្រុងជ្រោយនៅកម្ពុជា ព្រមទាំងធានារ៉ាប់រងទូទៅនៅប្រទេសឡាវ។ ហ្វតតេត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ និងបានចំណាយពេល ២៧ ឆ្នាំក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនៃទំនុកចិត្ត ភាពធន់ផ្នែកហិរញ្ញវត្ថុ និងនវានុវត្តន៍ ដោយផ្តោតលើកត្តាធនធានមនុស្សជាគោល តាមរយៈផ្តល់សិទ្ធិអំណាចដល់បុគ្គល ក្រុមគ្រួសារ និងអាជីវកម្ម ឱ្យរៀបចំផែនការសម្រាប់អនាគតប្រកបដោយភាពជឿជាក់។

សម្រាប់ព័ត៌មានបន្ថែម៖
លោក៖ សារិ សៀងម៉េង
អ៊ីមែល៖ seangmeng@fortelifeassurance.com
ទូរសព្ទ៖ 855 10 351 216