“តួអង្គសំខាន់ដែលនៅពីក្រោយភាពជោគជ័យរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺអាជ្ញាធរមូលដ្ឋាន។” នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ (គ.វ.ជ.) ក្នុងសិក្ខាសាលាចែករំលែកបទពិសោធស្តីពី «ការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» នៅទីស្តីការក្រសួងមហាផ្ទៃ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមលើប្រសាសន៍ខាងលើថា អាជ្ញាធរមូលដ្ឋាន គឺជាតួអង្គមិនអាចខ្វះបានក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងជាតួអង្គដើរតួនាទីស្នូលក្នុងការសម្របសម្រួល តម្រង់ទិស ព្រមទាំងគាំទ្រយ៉ាងសកម្មដល់ការកសាង និងអភិវឌ្ឍអង្គភាពសាលារៀន និងមន្ទីរពេទ្យ ក៏ដូចជាការកែលម្អគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាទាំងពីរនេះ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ “កន្លងមក ដើម្បីឱ្យអង្គភាពសាលារៀន និងមន្ទីរពេទ្យ ដែលមិនទាន់ទទួលបានជ័យលាភី បានជ្រួតជ្រាបអំពីទស្សនទាន និងបទពិសោធន៍នៃការគ្រប់គ្រង គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធនេះជាច្រើនលើកច្រើនសារមកហើយ ក្នុងរូបភាពរវាងសាលារៀននិងសាលារៀន និងរវាងមន្ទីរពេទ្យនិងមន្ទីរពេទ្យ។”
ទាក់ទិននឹងការចែករំលែកបទពិសោធនេះ ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចថា កន្លងមក គ.វ.ជ. ធ្លាប់បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធជាច្រើនលើកមកហើយ ក្នុងរូបភាពរវាងសាលារៀននិងសាលារៀន និងរវាងមន្ទីរពេទ្យនិងមន្ទីរពេទ្យ ដើម្បីផ្តល់ឱកាសឱ្យអង្គភាពដែលមិនទទួលបានជ័យលាភី បានស្វែងយល់ពីទស្សនទាន និងបទពិសោធនៃការគ្រប់គ្រងពីអង្គភាពជ័យលាភី។
ដោយឡែក សម្រាប់សិក្ខាសាលានាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថាជាឱកាសដ៏វិសេសវិសាលបំផុត ដែលកើតចេញពីគំនិតផ្តួចផ្តើមរួមគ្នារវាងក្រសួងមុខងារសាធារណៈ គ.វ.ជ. និងក្រសួងមហាផ្ទៃ។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធផ្ទាល់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពជ័យលាភី ជូនទៅដល់អាជ្ញាធរមូលដ្ឋានផ្សេងទៀតដែលមិនទាន់មានជ័យលាភីក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យទទួលបានគន្លឹះ និងបទពិសោធល្អៗយកទៅអនុវត្តបន្ត៕រក្សាសិទ្ធិដោយ៖សុទ្ធលី










