លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោក Brian McFeeters ប្រធាន និងនាយកប្រតិបត្តិ និងមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ លោក Brian McFeeters បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនអាមេរិក និងភាគីពាក់ព័ន្ធ ព្រមទាំងស្វែងរកឱកាសវិនិយោគថ្មីៗ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោកបានបញ្ជាក់ពីការចាប់អារម្មណ៍ និងការត្រៀមខ្លួនរបស់ក្រុមហ៊ុនអាមេរិក ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម។ ជាមួយគ្នានេះ តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សាស្ថិរភាពប្រព័ន្ធធនាគារ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិ ដែលបានចូលរួមលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិន និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកជំទាវទេសាភិបាលបានស្វាគមន៍គណៈប្រតិភូ និងបានចែករំលែកទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូសេដ្ឋកិច្ចរវាងកម្ពុជានិងសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ខណៈការវិនិយោគពីសហរដ្ឋអាមេរិកបានរួមចំណែកដល់ការបង្កើតការងារ ការលើកកម្ពស់ជំនាញ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំយកស្តង់ដារអន្តរជាតិមកកម្ពុជា។ ទន្ទឹមនេះ លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិរបស់សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍកម្មវិធីបាគងទេសចរ ដែលបានរួមចំណែកសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ គាំទ្រអាជីវកម្មក្នុងស្រុក និងជំរុញការប្រើប្រាស់ប្រាក់រៀល។
ជំនួបនេះក៏បានផ្លាស់ប្តូរទស្សនាទានលើការពង្រឹងកិច្ចសហប្រតិបត្តិឱ្យកាន់តែប្រសើររវាងធនាគារជាតិនៃកម្ពុជា និងវិស័យឯកជនអាមេរិក ដើម្បីគាំទ្រការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។រក្សាសិទ្ធិដោយ៖សុទ្ធលី








