រាជធានីភ្នំពេញ៖ បុរសម្នាក់ ត្រូវបានជនសង្ស័យចាក់និងកាំបិតចុងស្រួចជាច្រើនកន្លែង បណ្តាលឱ្យស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១:៣០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្ទះជាប់មាត់ទន្លេក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាម របាយការណ៍បឋមរបស់សមត្ថកិច្ច ស្តីពីការបង្រ្កាបករណី ឃាតកម្ម ដោយប្រើកូនកាំបិតចិតបន្លែចាក់ បានឱ្យដឹងថា បណ្តាលអោយស្លាប់មនុស្សម្នាក់ មានឈ្មោះ ចក់ សីហា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិក្រោលគោ សង្កាត់គឺឡូម៉ែត្រលេង៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។របាយការណ៍ដដែលបានបន្តថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០២ និង៣០នាទី កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លន់ ចិត្រា ភេទប្រុស ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិក្រោលគោ សង្គាត់គីទ្បូម៉ែត្រលរខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរកម្មករ នៅចំណុចផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូមែត្រលេខ៦ ខណ្ឌឫស្សីកែវ។
តាមការបញ្ជាក់ពីបុរសម្នាក់ជាគូជម្លោះត្រូវជាប្អូនបង្កើតជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានចូលទៅមើលប្រដាល់នៅក្នុងបរិវេណទូរទស្សន៍ CTN ពេលមើលចប់ក៏ដើរចេញមកក្រៅត្រឡប់ទៅផ្ទះវិញ ភ្លាមៗនោះស្រាប់តែមានក្រុមជនដៃដល់នៅទីនោះចូលមករករឿងនិងទាស់ពាក្យសំដីគ្នាខ្លាំងៗ បន្ទាប់មកទៀត ។បុរសរងគ្រោះត្រូវជាបងបានចូលទៅឃាត់ភាគីទាំងសងខាងកុំឱ្យឈ្លោះប្រកែកគ្នា តែជនដៃដល់មិនស្តាប់ បានរត់ទៅយកកាំបិតចុងស្រួចចូលទៅវាយនិងចាក់ទៅលើបុរសរងគ្រោះជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ ភ្លាមៗនោះក្រុមគ្រួសារជនរងគ្រោះមកដល់ក៏ដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត តែជាអកុសលដោយសភាពរបួសធ្ងន់ធ្ងរពេកក៏ស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យតែម្ដង។ បន្ទាប់មកក្រុមគ្រួសារក៏ដឹកសពយកមកផ្ទះវិញ ទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកមកពិនិត្យ ។ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់យកខ្សែហ៊ុមព័ទ្ធជុំវិញសព រួចទាក់ទងទៅមន្ត្រីជំនាញឱ្យចុះមកពិនិត្យ។ ក្រោយផ្នែកជំនាញពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯជនដៃដល់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅបន្តនីតិវិធីតាមច្បាប់ ៕រក្សាសិទ្ធិដោយ : សុទ្ធលី





