ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងស្នងការនគរបាលខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងថ្នាំញៀនជាង ២គីឡូក្រាម នៅក្រុងបាវិត

កម្លាំងស្នងការនគរបាលខេត្តស្វាយរៀង បានបង្ក្រាបករណីជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាជនជាតិចិន និងគ្រឿងញៀនជាង២គីឡូក្រាម ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។
ប្រតិបត្តិការនេះក៏បានរកឃើញករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតផងដែរ ។
ប្រតិបត្តិការដ៏សំខាន់នេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ព្រមទាំងក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានបញ្ជាក់ថា កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ សំ សំអុល អធិការនគរបាលក្រុងបាវិត បានបង្ក្រាបករណីជួញដូរ រក្សាទុក កែច្នៃ ប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ប្រុស ជាជនជាតិចិន ស្ថិតនៅភូមិបាវិតលេី សង្កាត់បាវិត ក្រុងបាវិត ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនរួមមាន សារធាតុញៀនសរុបមានទម្ងន់ ២គីឡូក្រាម ៦៦៦.៩៨ក្រាម, ជញ្ជីងចំនួន ០២គ្រឿង, អាវុធខ្លី ០១ដើម, ដាវ ០១ដើម, ទូរស័ព្ទដៃ ០៣គ្រឿង, ថេបប្លេត ០២គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ៕ រក្សាសិទ្ធិដោយ : សុទ្ធលី