ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តបាត់ដំបង៖ ទឹកដីកំណប់ទ្រព្យ វប្បធម៌ និងទេសចរណ៍ដ៏ល្អឯក កំពុងបន្ថែមសក្តានុពលក្នុងរដូវកាលបៃតងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ មានគោលបំណងធំៗចំនួន ២៖ ១). ផ្សារភ្ជាប់រវាងវិស័យ កសិកម្មទៅនឹងវិស័យទេសចរណ៍, និង ២). ជំរុញទេសចរណ៍ក្នុងស្រុកនៅក្នុង រដូវកាលបៃតង ស្របតាមយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦ (ចាប់ពីខែ ឧសភា ដល់ ខែតុលា)។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក ជំទាវ, ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, លោកឧកញ៉ាប្រធាន សហព័ន្ធទេសចរណ៍កម្ពុជា, លោកជំទាវឧកញ៉ា ប្រធានសមាគមទេសចរណ៍ កម្ពុជា, ឯកឧត្តមនាយកប្រតិបត្តិ CTB និងបងប្អូនផ្នែកឯកជននៅក្នុងឧស្សាហកម្មទេសចរណ៍, ប្អូនៗអ្នកផលិតមាតិកា, Influencers, KoLs និងលោកយាយ លោកតា ពុក ម៉ែ បងប្អូន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ជូន ឯកឧត្តម លោកជំទាវ គណៈអធិបតី, ជាពិសេស លោកយាយ លោកតា ពុក ម៉ែ បងប្អូន អ្នកខេត្តបាត់ដំបងទាំងអស់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានយកឱកាសដ៏ថ្លៃថ្លានេះ គោរពថ្លែងអំណរគុណ គោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសជាប់ជាប្រចាំ ក្នុងការអភិវឌ្ឍខេត្តបាត់ដំបង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ, ជាពិសេសការអភិវឌ្ឍ និងការលើកកម្ពស់វិស័យទេសចរណ៍។

នាឱកាសប្រកបដោយមោទនភាព ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទីក្រុងបាត់ដំបង នៃខេត្តបាត់ដំបង គឺជាទីក្រុងទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានក្លាយជាទីក្រុងច្នៃប្រឌិត ផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដែលនេះពិតជាបានបង្ហាញយ៉ាងច្បាស់ដល់ពិភពលោកថា បណ្តាទីក្រុងនានា នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានសក្តានុពលដ៏សម្បូរបែប និងភាពប្រកួតប្រជែងនៅក្នុងកម្រិតតំបន់ និង កម្រិតសកល។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ផ្តើមចេញពីគំរូដ៏ល្អរបស់ទីក្រុងបាត់ដំបង, កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ, ក្រសួងទេសចរណ៍ ទើបរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំឯកសារស្នើដាក់បេក្ខភាពខេត្តកំពត ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារបន្ថែមទៀត ហើយ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា ទីក្រុង កំពត នឹងក្លាយជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូទី២ បន្ទាប់ ពីទីក្រុងបាត់ដំបង។

ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, ក្រសួងទេសចរណ៍ ក៏បានរៀបចំសិក្ខាសាលាស្តីពី ការងារការទូតទេសចរណ៍ និងទេសចរណ៍ ម្ហូបអាហារ ដោយផ្សារភ្ជាប់ជាមួយការទូតម្ហូបអាហារ ដែលមានគោលបំណងប្រមូលធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីរៀបចំយុទ្ធសាស្ត្រថ្មី សម្រាប់ជំរុញទេសចរណ៍ម្ហូបអាហារ ដែលក្រសួងចាត់ទុកថាជាឧបករណ៍អំណាចទន់ (Soft Power) ដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជា និង ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក។ រក្សាសិទ្ធិដោយ ៖សុទ្ធលី