ក្រសួងរ៉ែ និងថាមពល កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីករណីហិង្សា រវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់ នៅជិតស្ពានអ្នកលឿង ស្ថិតក្នុងមូលដ្ឋានព្រំប្រទល់ខេត្តព្រៃវែង និងខេត្តកណ្ដាល ។
ប៉ុន្មានថ្ងៃមកនេះ វីដេអូរយៈពេលជាង១៦នាទី បង្ហាញពីការទាស់សម្ដីឈានដល់ប្រើប្រាស់ហិង្សារវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់នៅទីតាំងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ តាមរយៈវីដេអូនោះ ប្រជានេសាទ បាននិយាយថា អាជីវកម្មបូមខ្សាច់នេះ បានធ្វើឱ្យបាក់ច្រាំងទន្លេ ហើយប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់ ហើយបានឈានដល់ការប្រើហិង្សាទៅលើកម្មករបូមខ្សាច់នៅទីនោះតែម្ដង ។
ដើម្បីកំណត់ជាដើមចម នៃបញ្ហាពិតប្រាកដ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ ពោលគឺម្សិលមិញនេះ ក្រសួងរ៉ែ និងថាមពល រួមជាមួយក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជានេសាទ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីស្ដាប់ពីបញ្ហាប្រឈម និងរកដំណោះស្រាយចំពោះបញ្ហាដែលកើតមាន ប្រសិនបើរកឃើញថាមានកំហុស។ លោក អ៉ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានលើកឡើងថា «ប្រជានេសាទដែលបានប្រើអំពើហិង្សានោះ ពុំបានចូលរួមក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនោះឡើយ» ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ក្រោយចុះទៅពិនិត្យជាក់ស្ដែង ពុំមានការបាក់ច្រាំងដូចនឹងខ្លឹមសារក្នុងវីដេអូនោះទេ ហើយក្រុមហ៊ុនបានធ្វើសកម្មភាពបូមខ្សាច់នៅលើតែទីតាំងដែលក្រសួងបានផ្ដល់អាជ្ញាបណ្ណស្របច្បាប់ប៉ុណ្ណោះ ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី






