Wednesday, June 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អះអាងថា សម្តេចមិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ

ខេត្តសៀមរាប និងឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យចំនួន១៦២០នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំ នៃសណ្ឋាគារសុខាសៀមរាប។

នេះជាបេសកកម្មលើកទី១៣ និងចំនួន១៥ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមពីខេត្តកំពង់ចាម,ត្បូងឃ្មុំ, កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ ,កំពង់ធំ, កណ្ដាល ,សៀមរាប និងឧត្តរមានជ័យ នាថ្ងៃនេះ។

តាមរបាយការណ៍របស់ខេត្តសៀមរាប បានឱ្យដឹងថា ខេត្តសៀមមានទំហំផ្ទៃដីសរុបចំនួន១០ ២៩៩,៤៣គីឡូម៉ែត្រក្រឡា មានក្រុងចំនួន២ ស្រុកចំនួន១១ សង្កាត់ចំនួន១៤ ឃុំចំនួន៨៦ ស្មើនឹង ៩១០ភូមិ។ ខេត្ត​សៀម​រាបមានព្រំប្រទល់ខាងជើងជាប់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ខាងត្បូងជាប់ខេត្តបាត់ដំបង និងបឹងទន្លេសាប ខាងកើតជាប់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ និងខាងលិច​ជាប់ខេត្តបន្ទាយ​មាន​ជ័យ។ នៅឆ្នាំ២០២៥ ខេត្តសៀមរាបមានផលិតផលក្នុងស្រុកសរុបប្រមាណ ២ ៧៥៤លានដុល្លារ និងផលិតផលសរុបសម្រាប់មនុស្សម្នាក់ៗមានប្រមាណ ២ ១៩១ដុល្លារ។

ដោយឡែកខេត្តឧត្តរមានជ័យ មានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានចម្ងាយ៤៦៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានព្រំប្រទល់​ខាងកើតជាប់ខេត្តព្រះវិហារ ខាងលិចជាប់ខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់​ខេត្តសៀមរាប។ ខេត្តឧត្តរមានជ័យជាខេត្តមានស្ថានភាពសេដ្ឋកិច្ចលំដាប់ទាបជាងគេ​ទូទាំង​ប្រទេស។ខេត្តនេះមានច្រកទ្វារអន្តរជាតិសំខាន់ៗចំនួន៣រួមមាន៖ ច្រកទ្វារអន្តរជាតិអូរស្មាច់,ច្រកទ្វារព្រំដែនជាំ ស្ថិតនៅក្នុងស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនជប់គគីរ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ នាថ្ងៃនេះសាជាថ្មី។ ថ្លែងសារពិសេសពីខេត្តសៀមរាប ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប-ឧត្តរមានជ័យ
នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ សម្ដេចតេជោបាន ក៏បានផ្ញើសារទៅកាន់អ្នកសារព័ត៌មានថៃជុំវិញប្រសាសន៍សម្តេចកាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពេលចុះសួរសុខទុក្ខជនភៀសសឹកនៅខេត្តបន្ទាយមានជ័យថា សម្តេចមិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ។សម្តេចគ្រាន់តែលើកឡើងចោទជាសំណួរនូវជម្រើសពីរឱ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយទី១ ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកទឹកដីដែលថៃដណ្តើមកាន់កាប់ត្រឡប់មកវិញ និងជម្រើសទី២ជម្រើសដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិ។ ក្នុងចំណោមជម្រើសទាំងពីរនេះ សម្តេចតេជោបានសង្កត់ធ្ងន់ថា ជម្រើសទី១ គឺការប្រើកម្លាំងយោធា កម្ពុជាមិនត្រូវការឡើយ តែសម្តេចបានប្រកាសជំហរយ៉ាងច្បាស់ទៅកាន់ជនរួមជាតិថា កម្ពុជាជ្រើសយកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកតាមយន្តការច្បាប់អន្តរជាតិ។

សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ ទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។ សម្តេចក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។
[6/10/2026 12:28 PM] Kolap1 Toch: សម្តេចតេជោបានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត​ទុក​ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម​ទាំងអតីតយុទ្ធជន។សម្តេចបានលើកបង្ហាញពីវីរភាព និង​គុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព
ដែល​​បានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិ ទឹកដី និងប្រជាជន។ ដើម្បីតបស្នងស្នងគុណ ក៏ដូចជាការអនុវត្តនយោបាយ «ខឿនការពារជាតិរបស់ប្រជាជន» សម្តេចបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងចូលរួមថែរក្សាឱ្យបានគង់វង្ស។ សម្តេចក៏បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។

ចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តសៀមរាប និងឧត្តរមានជ័យទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×