Wednesday, June 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ​ កោត​សរសេីរ កម្ពុជាចំពោះជំនាញ​បោះសម្អាត​មីន

នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
 
​ក្នុងឱកាសនៃជំនួបនេះ លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរ ចំពោះជំនាញរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ​ ដែលបានបន្សល់ទុកពីសង្គ្រាម។លោកស្រីបានបន្ថែមទៀតថា ការងារបោសសម្អាតមីន​និងយុទ្ធភណ្ឌមិន​ទាន់ផ្ទុះ​ គឺជាកិច្ចការដែលទាមទារការចំណាយពេលវេលា និងធនធានច្រេីន។ លោកស្រីអគ្គលេខាធិការរង ក៏បានកោតសរសើរចំពោះសមត្ថភាព​ និង​បទពិសោធន៍របស់កងកម្លាំងរបស់កម្ពុជា ដែលបាន​ចូលរួម​ចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការរក្សាសន្តិភាព​​ ក្រោមឆ័ត្រ​អង្គការ​សហប្រជាជាតិ​ នៅបណ្តាប្រទេសជាច្រើន ដែលការណ៍នេះ​បង្ហាញ​ពីឆន្ទៈរបស់កម្ពុជា​ ក្នុង​ការ​ចូលរួម​ថែរក្សា​សន្តិភាព​ និងការចែករំលែក​បទពិសោធន៍ដ៏ល្អនេះ​ទៅកាន់​ពិភពលោក។ លោកស្រីក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងបេសកកម្មរបស់លោកស្រី ដែលបានមកកាន់កម្ពុជា នៅមុនឆ្នាំ១៩៩១ ដើម្បីជួយសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនកម្ពុជា ចូលមាតុប្រទេសវិញ។ 

ជាការឆ្លើយតប សម្តេចធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់អង្គការសហប្រជាជាតិ ក្នុងដំណើរការស្វែងរកសន្តិភាព និងការកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជម្រាបជូនលោកស្រីអគ្គលេខាធិការរងអំពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានក្នុងការបោសសម្អាតមីន និង​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះ​  និងជោគជ័យរបស់កម្ពុជាដែលបានធ្វេីជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា​ នៅខេត្តសៀមរាប កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ សម្តេចធិបតីបានរំលឹកអំពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់នាពេលកន្លង​មក និងបានសង្កត់ធ្ងន់ថា សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយនៅទីបំផុត មានតែការចរចា និងការរក្សាឱ្យបាននូវសន្តិភាពប៉ុណ្ណោះ ទើបជាកត្តាគន្លឹះដ៏សំខាន់បំផុត​។
 
សម្តេចធិបតី និងលោកស្រីអគ្គលេខាធិការរង ក៏បានផ្លាស់ប្តូរមតិគ្នាអំពីបញ្ហាតំបន់ និង​អន្តរជាតិ​មួយចំនួន និងបានឯកភាពគ្នាអំពីសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
 
​មុននឹងបញ្ចប់ សម្តេចធិបតីក៏បានជម្រាបជូនលោកស្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជានិងថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×