Monday, June 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

តបតាមការអញ្ជើញរបស់ ឯកឧត្តម ឡេ មិញហ្នឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ បានឪ្យដឹងថា

អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីរាជរដ្ឋាភិបាលសំខាន់ៗ និងតំណាងធុរកិច្ចពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ្នឹង នាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលថ្នាក់ដឹកនាំទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានាក្នុងការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរ គ្រោងនឹងលើកយកមកពិភាក្សាផងដែរ នូវបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួម។

ដោយឡែក ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ចំពោះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និង ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាជាតិវៀតណាម។

សម្តេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ “រួមគ្នា ស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូល» ដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យ ពាណិជ្ជកម្ម ការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×