Sunday, June 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិចិន ៤នាក់ ដែលជាក្រុមអង្គការចាត់តាំងរៀបគម្រោងចាប់ជំរិត និងជាមុខសញ្ញាហាមឃាត់ចូលកម្ពុជា

កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបក្រុមអង្គការចាត់តាំងរៀបចំគម្រោងចាប់ជំរិត និងជាមុខសញ្ញាហាមឃាត់ចូលប្រទេសកម្ពុជា នៅចំណុចផ្ទះលេខ MH១១០ ផ្លូវលេខ៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌកំបូល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ហាក់ សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះពិនិត្យរដ្ឋបាល នៅទីតាំង ផ្ទះលេខ MH១១០ ផ្លូវលេខ ៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រតិបត្តិការចុះពិនិត្យរដ្ឋបាលនេះក្រុមការងារចម្រុះ បានរកឃើញជនបរទេស សរុបចំនួន ៤នាក់ ជនជាតិចិន (ជនសង្ស័យម្នាក់ជាមុខសញ្ញាហាមឃាត់ចូលប្រទេសកម្ពុជា) និងចាប់យកវត្ថុតាង អាវុធខ្លី ម៉ាក ZORAKI 906 TD ចំនួន ១ដើម (បង់មួយ) និងគ្រាប់ចំនួន៦គ្រាប់ខ្នោះដៃ ចំនួន៣គូ ។
ជនសង្ស័យ ទី១.ឈ្មោះ WENG SHENG FENG អាយុ៤៣ឆ្នាំ ជនជាតិចិន (លិខិតឆ្លងដែនលេខ EP8477264 មានត្រាហាមចូលប្រទេសកម្ពុជា) ជាមុខសញ្ញាចាស់ជាប់ពន្ធនាគាររយៈពេល១៥ខែ ។២.ឈ្មោះ LIAO QUAN WEI អាយុ៤១ឆ្នាំ ជនជាតិចិន (អ្នកស្នាក់នៅមានលិខិតឆ្លងដែន មិត្តភក្ត្រ័របស់ឈ្មោះ WENG SHENG FENG), ៣.ឈ្មោះ SONG SHUAI អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរជាងជួសជុលរថយន្ត (អ្នកស្នាក់នៅ មានលិខិតឆ្លងដែន) និង៤.ឈ្មោះ SHEN WEI JIAN ជនជាតិចិន មុខរបរម្ចាស់យានដ្ឋានជួសជុលរថយន្ត (អ្នកជួលផ្ទះឲ្យឈ្មោះ SONG SHUAI មានលិខិតឆ្លងដែន) ។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងសាកសួរតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×