Friday, June 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យ អំពីមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណ

«តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់?»។ នេះគឺជាប្រធានបទនៃការប្រកួតនិយាយជាសាធារណៈសម្រាប់និស្សិតនៅតាមសាកលវិទ្យាល័យ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ កម្មវិធីនេះបានឈានដល់ការជម្រុះបញ្ចប់វគ្គទី២ហើយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីបានប្រកួតរយៈពេលពីរថ្ងៃ។

ការជម្រុះនៅវគ្គទី១ ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធកម្មវិធី Zoom Meeting នៅបន្ទប់១១១ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ ការប្រកួតជម្រុះវគ្គទី១ មានបេក្ខជនចូលរួមសរុបចំនួន ៤៦រូប មកពី ១៥សាកលវិទ្យាល័យតាមរាជធានីនិងខេត្ត ដោយគណៈកម្មការសម្រិតសម្រាំងបានបេក្ខជនចំនួន ២១រូប សម្រាប់ឡើងមកប្រកួតជម្រុះវគ្គទី២នេះ ដោយគណៈកម្មការត្រូវបន្តជម្រុះយកតែបេក្ខជនចំនួន ១០រូប ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅអំឡុងខែកក្កដាខាងមុខនេះ។

សូមបញ្ជាក់ជូនថា បេក្ខជនដែលបានចូលរួមប្រកួតនិយាយជាសាធារណៈនេះត្រូវបានជ្រើសរើសក្នុងចំណោមនិស្សិតដែលធ្លាប់បានចូលរួមស្តាប់បាឋកថារបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពី«យុវជននិងគោលនយោបាយជាតិ»។

ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីជំរុញឱ្យយុវជនយល់ដឹងពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាពិសេសមុំទី១ស្តីពី«ការអភិវឌ្ឍន៍មូលធនមនុស្ស» និងចូលរួមដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាលបានកំណត់។

ឯកឧត្តម ប៉ែន បូណា ពន្យល់ថា និស្សិតមានការចាប់អារម្មណ៍ខ្លាំងចំពោះបទបង្ហាញស្តីពីយុទ្ធសាស្ត្របញ្ចកោណ ជាពិសេសសំណួរថា តើធ្វើដូចម្តេចដើម្បីក្លាយជាមូលធនមនុស្សសម្រាប់ប្រទេសជាតិ? ប៉ុន្តែ បើពួកគេគ្រាន់តែស្តាប់បាឋកថាម្តងម្កាលអាចនឹងភ្លេចទៅវិញ។ ដូច្នេះ ឯកឧត្តមក៏បានផ្តួចផ្តើមគំនិតឱ្យមានការប្រកួតនិយាយជាសាធារណៈអំពីបញ្ហានេះដើម្បីជំរុញយុវជនឱ្យស្រាវជ្រាវ ដើម្បីចងចាំ និងអាចនិយាយជាសាធារណៈបានទើបជាការប្រសើរ។

ការប្រកួតនេះ មានគណៈកម្មការតំណាងមកពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា និង The Perspectives Cambodia។ លទ្ធផលប្រកួតជម្រុះវគ្គទី២នេះ នឹងត្រូវប្រកាសឱ្យដឹងនៅសប្តាហ៍ទី២ នៃខែមិថុនា ឆ្នាំ២០២៦ រីឯការប្រកួតផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងដោយផ្ទាល់ គឺមិនមែនតាមប្រព័ន្ធ Zoom ទៀតទេ។ បេក្ខជនដែលទទួលបានជ័យលាភី នៅវគ្គផ្តាច់ព្រ័ត្រ នឹងទទួលបានវិញ្ញាបនបត្រតាមលំដាប់មេដាយពីលេខ១ ដល់លេខ៥ រួមទាំងរង្វាន់លើកទឹកចិត្តផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×