Friday, June 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន​ ចាន់ថុល ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា​ ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (Cambodia Industrial Development Policy – IDP) មុននឹងរៀបចំបន្តនីតិវីធីជំហានបន្ទាប់។ កិច្ចប្រជុំនារសៀលនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជិត ១០០នាក់។

ក្នុងបរិការណ៍ដែលការអនុវត្តគោលនយោបាយ IDP ឈានមកដល់ទីបញ្ចប់នៃអាណត្តិ ១០ឆ្នាំ (២០១៥-២០២៥) ការរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិពិតជាមានសារៈសំខាន់ ដោយផ្តោតសំខាន់ទៅលើគោលបំណងចម្បងៗមួយចំនួនដូច៖​(១) ការផ្ទៀងផ្ទាត់សមិទ្ធផលធៀបនឹងសូចនាករគោលដៅ, (២) ការវិភាគលើភាពធន់ និងការឆ្លើយតបនឹងវិបត្តិ, (៣) ការវាយតម្លៃលើយន្តការសម្របសម្រួលគោលនយោបាយ, និង (៤) ការកំណត់ធាតុចូលសម្រាប់ដំណាក់កាលបន្ទាប់ តាមរយៈការដកស្រង់នូវមេរៀន បទពិសោធន៍ និងបញ្ហាប្រឈមគន្លឹះៗ ដើម្បីផ្តល់ជាអនុសាសន៍សម្រាប់ការរៀបចំក្របខណ្ឌគោលនយោបាយ IDP ដំណាក់កាលបន្ទាប់ ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងទស្សនវិស័យអនាគតសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា។

មានប្រសាសន៍បើកអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់គ្រប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រមូល ចងក្រង និងវិភាគទិន្នន័យយ៉ាងម៉ត់ចត់ ដើម្បីរៀបចំជាសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP នេះឡើង។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រមិនអាចខ្វះបាននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចមិនត្រឹមតែជាការកាត់បន្ថយការពឹងផ្អែកលើវិស័យប្រពៃណីមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតចលករកំណើនថ្មី សំដៅជួយបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិចំពោះបម្រែបម្រួល និងវិបត្តិនានានៅលើសកលលោក ព្រមទាំងធានាបាននូវការអភិវឌ្ឍប្រកបដោយចិរភាព បរិយាបន្ន។

គួររម្លឹកដែរថា៖ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ គឺជា «យុទ្ធសាស្ត្រកំណើនថ្មី» ឬមគ្គុទ្ទេសក៍ជាតិដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក្នុងគោលបំណងកែទម្រង់រចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងនវានុវត្តន៍ តាមរយៈការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល ការចាប់យកបច្ចេកវិទ្យាខ្ពស់ និងការបង្កើនភាពប្រកួតប្រជែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×