សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ស្ថិតនៅខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃពុធ ទី២៧ ឧសភា ២០២៦។
នេះគឺជាសមិទ្ធផលសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ក្នុងការជំរុញខ្សែច្រវាក់ផលិតកម្មកសិ-ឧស្សាហកម្ម និងលើកកម្ពស់តម្លៃបន្ថែមនៃផលិតផលកៅស៊ូធម្មជាតិរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។ សមិទ្ធផលនេះក៏នឹងចូលរួមចំណែកដល់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក។
ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mainland Group កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឆាប់រហ័ស ព្រមទាំងបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនទាំងខ្មែរ និងបរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។
ការបោះទុនវិនិយោគរបស់ក្រុមហ៊ុន គឺបានបង្កើនសមត្ថភាពនៃការផលិតកៅស៊ូនៅកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់នៃការលើកកម្ពស់វិស័យដំណាំកៅស៊ូនៅកម្ពុជា ជាពិសេសបានបង្កើត និងផ្តល់ការងារជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់នៅរោងចក្រចំនួនប្រមាណ ៣០០កន្លែង និងប្រយោល (អ្នកចៀរជ័រកៅស៊ូ) ប្រមាណជាង ៥ម៉ឺនកន្លែងបន្ថែម ក៏ដូចជាចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ថលី











