រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ — ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃវិស័យថាមពលកកើតឡើងវិញ និងការការពារទ្រព្យសម្បត្តិគម្រោងបៃតង ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (កម្ពុជារី) បានសហការរៀបចំសិក្ខាសាលាកម្រិតខ្ពស់លើកដំបូងបង្អស់ ស្តីពី «ថាមពលពន្លឺព្រះអាទិត្យ និងការធានារ៉ាប់រង៖ ការពារការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម» នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ភ្នំពេញ។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំមកពីស្ថាប័នហិរញ្ញវត្ថុ ធនាគារក្នុងស្រុក ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍គម្រោង ម្ចាស់សហគ្រាស ក៏ដូចជាអ្នកម៉ៅការដំឡើងផងដែរ។
បច្ចុប្បន្ន គម្រោងសូឡាខ្នាតធំ និងប្រព័ន្ធសូឡាលើដំបូលតាមរោងចក្រ-សហគ្រាស កំពុងមានការរីកដុះដាលយ៉ាងខ្លាំង។ ទោះជាយ៉ាងណា គម្រោងទាំងនេះនៅតែប្រឈមនឹងហានិភ័យខ្ពស់ ទាំងផ្នែកធម្មជាតិ (គ្រោះមហន្តរាយធម្មជាតិ) និងផ្នែកបច្ចេកទេស (ដូចជាហានិភ័យអគ្គិភ័យលើប្រព័ន្ធអាគុយ BESS)។ ដោយសារទំហំវិនិយោគមានតម្លៃធំធេងរហូតដល់រាប់រយលានដុល្លារ ទីផ្សារធានារ៉ាប់រងក្នុងស្រុកតែមួយមិនអាចស្រូបយកហានិភ័យទាំងស្រុងបានឡើយ ដែលទាមទារឱ្យមានការគាំទ្រពីប្រព័ន្ធធានារ៉ាប់រងបន្តអន្តរជាតិ។
លោក យក់ ចំរើនប្ញទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុនហ្វតតេ បានមានប្រសាសន៍ថា៖
«ការវិនិយោគលើថាមពលសូឡា និងប្រព័ន្ធស្តុកថាមពលអាគុយ ទាមទារទុនយ៉ាងសន្ធឹកសន្ធាប់ពីវិនិយោគិន ម្ចាស់អាជីវកម្ម និងធនាគារក្នុងស្រុក។ ហ្វតតេ យល់ច្បាស់ពីចំណុចនេះ ហើយយើងបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ «ខែលការពារផ្នែកហិរញ្ញវត្ថុ» ដ៏រឹងមាំបំផុតសម្រាប់អាជីវកម្មរបស់ពួកគាត់។ គោលបំណងចម្បងរបស់យើងគឺធានាថា គម្រោងស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងអស់នៅកម្ពុជា ទទួលបានការការពារស្របតាមស្តង់ដាអន្តរជាតិ ដើម្បីឱ្យម្ចាស់អាជីវកម្មក្នុងស្រុកអាចដំណើរការ និងពង្រីកគម្រោងបៃតងរបស់ខ្លួនដោយភាពស្ងប់ចិត្ត។»
សិក្ខាសាលានេះបានបង្ហាញយ៉ាងលម្អិតអំពីកញ្ចប់ដំណោះស្រាយធានារ៉ាប់រង ដែលរចនាឡើងជាពិសេស សមស្របទៅតាមតម្រូវការ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក រួមមាន៖
• ដំណាក់កាលសាងសង់ និងដំឡើង៖ ការពាររាល់ការខូចខាតចៃដន្យលើផ្ទាំងសូឡា និងបរិក្ខារក្នុងអំឡុងពេលដឹកជញ្ជូន និងដំឡើងនៅការដ្ឋាន ព្រមទាំងការពារការទទួលខុសត្រូវចំពោះភាគីទីបី (តតិយជន)។
• ដំណាក់កាលប្រតិបត្តិការ៖ ការពារទ្រព្យសម្បត្តិ និងឧបករណ៍បច្ចេកទេសពីគ្រោះធម្មជាតិ (អគ្គិភ័យ រន្ទះបាញ់ ព្យុះ ខ្យល់កន្ត្រាក់ និងទឹកជំនន់)។
• ការធានាលើការរំខានដល់អាជីវកម្ម (Business Interruption)៖ នេះជាចំណុចគន្លឹះបំផុតសម្រាប់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក។ ប្រសិនបើមានការខូចខាតណាមួយកើតឡើងដែលធ្វើឱ្យប្រព័ន្ធសូឡាផ្អាកដំណើរការផលិតថាមពល ធានារ៉ាប់រងនឹងជួយប៉ះប៉ូវការបាត់បង់ចំណូល ឬចំណាយអគ្គិសនីដែលកើនឡើងភ្លាមៗ ដើម្បីរក្សាលំនឹងចរន្តសាច់ប្រាក់របស់អាជីវកម្ម។
លោក ហ៊ុយ វ៉ាថារ៉ូ អគ្គនាយក នៃក្រុមហ៊ុន ធានារ៉ាប់រងបន្ត កម្ពុជារី បានសង្កត់ធ្ងន់ផងដែរថា៖
«គម្រោងថាមពលពន្លឺព្រះអាទិត្យអាចប្រកបដោយនិរន្តរភាពហិរញ្ញវត្ថុ លុះត្រាតែគម្រោងនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធានារ៉ាប់រងបាននៅក្នុងទីផ្សារអន្តរជាតិ។ កិច្ចសហការរវាង កម្ពុជារី និង ហ្វតតេ ថ្ងៃនេះ គឺធ្វើឡើងដើម្បីកសាងស្ពានចម្លង បើកផ្លូវឱ្យគម្រោងរបស់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកអាចផ្ទេរហានិភ័យមកកាន់ក្រុមហ៊ុនធានារ៉ាប់រងបន្តអន្តរជាតិ (Global Reinsurance Pools) ដែលនេះជាគន្លឹះសំខាន់ក្នុងការជួយជម្រុញឱ្យធនាគារកាន់តែមានទំនុកចិត្តក្នុងការផ្តល់កម្ចី ឬហិរញ្ញប្បទាន (Bankability)។»
ទន្ទឹមនឹងនេះដែរ សិក្ខាសាលាក៏បានអញ្ជើញអ្នកជំនាញអន្តរជាតិឈានមុខគេមកពីក្រុមហ៊ុន AON Reinsurance Solutions, Swiss Re Asia និងជាពិសេសតំណាងមកពី China Belt and Road Reinsurance Pool (CHINA RE P&C) និង CPIC ដើម្បីមកចែករំលែកបទពិសោធន៍។ សិក្ខាសាលានេះផ្តល់ជូនអ្នកចូលរួមនូវចំណេះដឹងស៊ីជម្រៅពីលក្ខខណ្ឌនៃការវាយតម្លៃហានិភ័យ ពីទស្សនៈរបស់អ្នកធានារ៉ាប់រងបន្ត (Underwriter’s View) ដោយផ្តោតលើការវាយតម្លៃវិស្វកម្មហានិភ័យ ស្តង់ដាឯកសារ និងប្រតិបត្តិការ វដ្តនៃទីផ្សារធានារ៉ាប់រង ទិដ្ឋភាពទូទៅនៃទីផ្សារធានារ៉ាប់រងថាមពលក្នុងកម្រិតតំបន់ និងសកលលោក ព្រមទាំងបទពិសោធន៍នៃការបាត់បង់កន្លងមក។
ការយល់ដឹងទាំងនេះនឹងជួយឱ្យម្ចាស់គម្រោងចេះវិធីបង្ការមុនពេលកើតហេតុ និងជួយឱ្យក្រុមហ៊ុនក្នុងស្រុកទទួលបានតម្លៃបុព្វលាភធានារ៉ាប់រង (Premium) ដែលមានតម្លៃសមរម្យ និងមានស្ថិរភាពយូរអង្វែង។
ការចាប់ដៃគ្នារវាង ក្រុមហ៊ុន ហ្វតតេ និងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (កម្ពុជារី) ក្នុងព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់អភិបាលកិច្ចហានិភ័យ (Risk Governance) ធានាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពធន់ និងរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាអ្នកដឹកនាំក្នុងវិស័យថាមពលបៃតងប្រកបដោយចីរភាព។
អំពី ហ្វតតេ
ក្រុមហ៊ុន ហ្វតតេ ត្រូវបានបង្កើតឡើងនៅកម្ពុជា ក្នុងឆ្នាំ ១៩៩៩ ហើយបានវិវត្តខ្លួនទៅជាក្រុមហ៊ុនាធានារ៉ាប់រងឈានមុខគេមួយនៅក្នុងប្រទេស ដោយផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងគ្រប់ជ្រុងជ្រោយសម្រាប់បុគ្គល គ្រួសារ និងបណ្តាអាជីវកម្មនានា។ ផ្អែកលើចក្ខុវិស័យក្នុងការផ្តល់កិច្ចការពារ និងការលើកកម្ពស់សក្តានុពលរបស់ប្រជាពលរដ្ឋនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងមានការអភិវឌ្ឍ ហ្វតតេ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត ព្រមទាំងគាំទ្រដល់ការរីកចម្រើននៃវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ ហ្វតតេ ត្រូវបានវាយតម្លៃ និងទទួលស្គាល់ដោយស្ថាប័ន GCR Ratings ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Moody’s នូវកម្រិតស្តង់ដាអន្តរជាតិ B+ និងកម្រិតស្តង់ដាជាតិ AA+(KH) សម្រាប់ចំណាត់ថ្នាក់ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ។ សមិទ្ធផលដ៏លេចធ្លោនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្ថិរភាពហិរញ្ញវត្ថុដ៏រឹងមាំ ការឈរជើងដ៏មានឧត្តមភាពនៅក្នុងទីផ្សារ ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងការបំពេញរាល់កាតព្វកិច្ចជូនដល់អតិថិជនទាំងអស់។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.forteinsurance.com
អំពី កម្ពុជារី
ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (“កម្ពុជា រី”) ត្រូវបានបង្កើតឡើងជាសហគ្រាសរដ្ឋក្រោមអាណាព្យាបាលរបស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងឆ្នាំ 2002 ដើម្បីគាំទ្រទីផ្សារធានារ៉ាបរងកម្ពុជាដែលទើបចាប់កំណើតឡើង ។ ក្នុងឆ្នាំ2004 ក្រុមហ៊ុន កម្ពុជា រី បានក្លាយខ្លួនជាក្រុមហ៊ុន ចម្រុះរដ្ឋ ដើម្បីនាំយកនូវជំនាញ និងបទពិសោធន៍បន្ថែមទៀត ស្របតាមផែនការរីកចម្រើនរបស់ក្រុមហ៊ុន។
សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺធ្វើអាជីវកម្មលើការធានារ៉ាប់រងបន្តទៅលើធានារ៉ាប់រងមិនមែនអាយុជីវិត និងធានារ៉ាប់រងអាយុជីវិត។ ក្រុមហ៊ុន កម្ពុជា រី បាននិងកំពុងកសាងធនធានមនុស្សតាមរយៈការបណ្ដុះ បណ្តាលជំនាញនិងចំណេះដឹងដល់និយោជិតដែលកំពុង បម្រើការក្នុងវិស័យធានារ៉ាប់រងនិងធានារ៉ាប់រងបន្តដើម្បីបង្កើន អ្នកជំនាញបន្ថែមទៀតនៅលើទីផ្សារ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.cambodiare.com.kh
















