Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Daejoo KC Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ ចូលជួបសម្ដែងការគួរសម

នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Daejoo KC Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ចំពោះ លោក ផាក ជូបុង និងសហការីដែលបានអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថា ការទស្សនកិច្ចរបស់ក្រុមអ្នកវិនិយោគកូរ៉េមកកាន់កម្ពុជានៅពេលនេះនឹងបានស្វែងរកឱកាសបន្ថែមទៀតក្នុងការវិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះ លោក ផាក ជូបុងបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោក និងក្រុមអ្នកវិនិយោគបានជួបសម្ដែងការគួរសមនាឱកាសនេះ។ លោកបានលើកឡើងនូវទិដ្ឋភាពបរិយាកាសនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយលោកបានរំលេចថាប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានសុវត្ថិភាពហើយទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េ។ លោកបន្តថានៅពេលនេះក្រុមអ្នកវិនិយោគកំពុងតែស្វែងរកឱកាសបន្ថែមទៀតដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ហើយអ្វីដែលជាការកត់សម្គាល់សំខាន់នោះគឺទៅលើស្វាយចន្ទី។

ក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងការអរគុណចំពោះការចាប់អារម្មណ៍របស់អ្នកវិនិយោគសាធារណរដ្ឋកូរ៉េមកកាន់ប្រទេសកម្ពុជា។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការចាប់អារម្មណ៍ទៅលើការវិនិយោគផ្នែកកសិកម្មពោលគឺស្វាយចន្ទី ដោយសម្ដេចបានរំលេចថា ប្រទេសកម្ពុជាមាននូវផលិតផលជាច្រើនសម្រាប់ធ្វើការវិនិយោគបន្តទៀត ជាពិសេសគឺផលិតផលកសិកម្មដែលជាវត្ថុធាតុដើម។ សម្ដេចបន្តទៀតថា អ្វីដែលកម្ពុជាត្រូវការបន្ថែមនោះគឺអ្នកវិនិយោគដែលអាចកែច្នៃនូវកសិផលរបស់កម្ពុជាដើម្បីយកទៅលក់នៅទីផ្សារកូរ៉េផង និងនៅលើទីផ្សារពិភពលោកផង។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ចំណុចស្នូលនៃទំនាក់ទំនងរវាងរវាងកម្ពុជា និងកូរ៉េ គឺពាណិជ្ជកម្ម និងការវិនិយោគនេះឯង ដូច្នេះតាមរយៈក្រុមអ្នកវិនិយោគរបស់កូរ៉េខាងមកកាន់ប្រទេសកម្ពុជានៅពេលនេះ នឹងជាឱកាសបន្ថែមទៀតដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាហើយជាមួយគ្នានេះ សម្ដេចតេជោបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលពេលនេះជាដៃគូយុទ្ធសាស្ជាមួយគ្នាហើយសម្ដេចសង្ឃឹមថា ទៅថ្ងៃខាងមុខ ជាពិសេសនៅក្នុងឱកាសខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងឡើងវិញនោះ គឺប្រទេសទាំងពីរនឹងអាចដើរដល់ជំហានមួយទៀតគឺការបង្កើតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នា។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យក្រុមអ្នកវិនិយោគរបស់កូរ៉េជាពិសេសក្រុមអ្នកវិនិយោគរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ីនឆន់ ទទួលបានឱកាសវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា និងស្នាក់នៅក្នុងប្រទេសកម្ពុជាប្រកបដោយក្តីរីករាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×