កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វើការស្រាវជ្រាវតាមនីតិវិធី ឃាត់ខ្លួនដៃដល់ ៨នាក់ ករណីចាប់ជំរិតក្លែងបន្លំជានគរបាលបង្កដោយជនជាតិចិន និងមីយ៉ាន់ម៉ា នៅក្រុងព្រះសីហនុ ។
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG CAIYOU ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០០៖៣០នាទី ខ្លួនត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នា៣នាក់ ជាជនជាតិខ្មែរ និងចិន បានធ្វើសកម្មភាព បង្ខាំង និងជំរិតទារប្រាក់ពីខ្លួនអស់ចំនួន១២,០០០USD និង៨១,០០០USDT។ ក្រោយមកក្រុមជនសង្ស័យបានដឹករូបខ្លួនទៅដាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង ។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរកឃេីញថា បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានយករថយន្តប្រព្រឹត្តបទល្មើសទៅផ្លុងចោល នៅចំណុចភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រួចក៏បានបន្តឡើងជិះរថយន្តតាក់ស៊ី១គ្រឿងម៉ាក Toyota Prius លុះនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៩និង០០នាទី កម្លាំងជំនាញបានធ្វើការអញ្ជើញម្ចាស់រថយន្តតាក់ស៊ីខាងលើមកធ្វើការបំភ្លឺ ។
ក្រោយមកនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វេីការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ៨នាក់ រួមមាន៖
១៖ ឈ្មោះ HUANG WENJING ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ត្រង់ចំណុចផ្លូវ113ខេ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ២៖ ឈ្មោះ YAW BAY NAR ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា, ៣៖ ឈ្មោះ CHIT PO PO ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា, ៤៖ ឈ្មោះ SAI MWAN KHAY ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា, ៥៖ ឈ្មោះ LI YANG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន, ៦៖ ឈ្មោះ LONG XIAOHUI ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន, ៧៖ ឈ្មោះ CHEN XIAOQIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ត្រង់ចំណុចភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ៨៖ ឈ្មោះ SHAO MINGBO ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ត្រង់ចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដេីម្បីធ្វេីការសាកសួរ ៕ក្សាសិទ្ធដោយ៖សុទ្ធលី






