កំពង់ស្ពឺ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានលើកឡើងថា ការលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំកំពូលពិសេសរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រជាពលរដ្ឋចាត់ទុកថាជាកត្តាចម្បងក្នុងការនាំមកនូវសេចក្តីសុខក្សេមក្សាន្ត ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ។
ការលះបង់ទាំងនោះ មិនអាចកាត់ថ្លៃបានឡើយក្នុងប្រវត្តិសាស្ត្រ ដើម្បីធានាបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេសនិងភាពក្សេមក្សាន្តរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ការណ៍នេះធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានាក្នុងវត្ត អង្គ្រងមានជ័យសេរីឧត្តម ហៅវត្តអង្គ្រង ស្ថិតក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ជាច្រើនរូបទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ការសម្ពោធឆ្លងសមិទ្ធិផលក្នុងថ្ងៃនេះគឺចំថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ពិសេសប្រជាពលរដ្ឋបាននិងកំពុងប្រារព្ធទិវាជាតិនៃការចងចាំពីការឆ្លងកាត់វាលពិឃាតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។លោកបានរំឭកពីប្រវត្តិដ៏ជូរចត់ដែលប្រទេសកម្ពុជាបានធ្លាក់ចូលនិងប្រជាពលរដ្ឋបានឆ្លងកាត់ នោះគឺរបបវាលពិឃាតក្រោមការដឹកនាំរបស់ប៉ុលពត។សង្គ្រាមបានបង្កនូវវិនាសកម្មនិងការបំផ្លាញដល់ឬសគល់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធនធានមនុស្ស គឺកម្ពុជាបានបាត់បង់ស្ទើរទាំងស្រុង។ហើយអ្វីដែលរឹតតែធ្ងន់ធ្ងរទៅទៀតនោះ គឺកម្ពុជាបានធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ក្នុងកំឡុងនោះ របបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)បានកាប់សម្លាប់អាយុជីវិតប្រជាជនស្លូតត្រង់ និងធ្វើទារុណ្ឌកម្មឱ្យស្លាប់យ៉ាងឃោរឃៅជាង៣លាននាក់។
ឯកឧត្តមបន្តថា ក្រោយឆ្លងកាត់សង្គ្រាមពីមួយជំនាន់ទៅមួយជំនាន់ ប្រជាជនខ្មែរគឺជោគជាំទៅដោយទុក្ខវេទនារាប់មិនអស់ ពួកគាត់ពិតជាស្អប់ខ្ពើមសង្គ្រាមខ្លាំងណាស់ ហើយតែងតែពោលពាក្យអរគុណសន្តិភាពគ្រប់ៗគ្នា ព្រោះសន្តិភាពនេះហើយ ដែលបាននាំមកនូវសេចក្តីសុខក្សេមក្សាន្ត និងបានបង្កឱកាសឱ្យប្រជាពលរដ្ឋបានប្រកបរបរចិញ្ចឹមជីវិត រស់នៅក្នុងក្តីសង្ឃឹមសម្រាប់អនាគតកូនចៅជំនាន់ក្រោយៗទៀត។ សព្វថ្ងៃនេះ ប្រជាជនកម្ពុជាដែលបានរស់រានមានជីវិតសល់ពីរបបប៉ុលពត នៅតែចាំមិនភ្លេច ហើយឈឺចាប់នឹងទង្វើឃោរឃៅរបស់អង្គការខ្មែរក្រហម ដែលបានធ្វើទុក្ខបុកម្នេញប្រជាជនខ្លួនឯង។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា សន្តិភាពពិតជាមានតម្លៃលើសលុប ដែលមិនអាចកាត់ថ្លៃបាន ប្រជាជនកម្ពុជាបានរស់នៅក្នុងសេចក្តីសុខសាន្តរហូតមកដល់សព្វថ្ងៃនេះ ក៏ព្រោះតែការបញ្ចប់បាននូវសង្គ្រាមទាំងស្រុង និងការរកឃើញនូវការឯកភាពជាតិមួយពេញលេញ។ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលស្រលាញ់សន្តិភាព និងចង់ថែរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបាននិងកំពុងបន្តដឹកនាំ ក៏បានប្តេជ្ញាខ្ពស់មិនឱ្យប្រទេសជាតិមួយនេះវិលទៅរកខ្មៅងងឹតជាថ្មីនោះទេ ហើយក្នុងនោះក៏បានធានាបន្តការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀតផងដែរ។
បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកខេត្តកំពង់ស្ពឺឱ្យបន្តខិតខំធ្វើការដើម្បីជីវភាពគ្រួសារ រក្សាអ្នកវិនិយោគដើម្បីធានាដល់ការងារយូរអង្វែង ទន្ទឹមនេះត្រូវដាក់ការជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំនិងស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ ពិសេសគឺការដោះស្រាយបញ្ហាព្រំដែនដែលកំពុងរងការឈ្លានពាននិងគ្រប់គ្រងដោយខុសច្បាប់ពីប្រទេសជិតខាង៕ រក្សាសិទ្ធដោយ៖សុទ្ធលី











