(កែប)៖ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា រួមជាមួយលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង និងយុវជនកាកបាទក្រហមកម្ពុជា នាំយកថវិកាចំនួន ១៥លានរៀល និងគ្រឿងឧបភោគបរិភោគ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពប្រជានេសាទចំនួន៣នាក់ ជាម្តាយ និងកូនប្រុស២នាក់ ដែលបានបាត់បង់អាយុជីវិតក្នុងហេតុការណ៍លិចទូកស្មាច់មួយគ្រឿង ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។
ហេតុការណ៍លិចទូកស្មាច់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១២:៥០នាទីរសៀល ខណៈទូកស្មាច់មួយគ្រឿង បានចេញទៅរាវងាវ នៅមុខឃ្លងព្រែកសរសៀរ ក៏ជួបជាមួយខ្យល់ខ្លាំងបង្កជាទឹករលកធំៗ ធ្វើឱ្យលិចទូកតែម្តង។ ក្នុងព្រឹត្តិការណ៍លិចទូកនោះមានមនុស្សចំនួន៤នាក់ រួមមាន ឈ្មោះ រស់ សាម ភេទប្រុស អាយុ៤០ឆ្នាំ ជាឪពុក បានរស់រានមានជីវិត ខណៈភរិយាឈ្មោះ ណាំ ធារី អាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ បានបាត់បង់ជីវិតក្រោយកើតហេតុ។ ជនរងគ្រោះទាំងអស់រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
ក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បាននាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ សោកស្តាយ អាណិតស្រណោះជាពន់ពេក ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ប្រពន្ធ និងកូនៗជាទីស្រឡាញ់ ប្រកបដោយកតញ្ញូតាធម៌ ប្រកាន់ខ្ជាប់នូវគុណធម៌ ចរិយាធម៌ល្អ ចំពោះក្រុមគ្រួសារ និងបានខិតខំប្រកបរបរដើម្បីចញ្ចឹមជីវិត។ ទន្ទឹមនោះ សម្តេចក៏បានគិតគូរដល់ជីវភាពរស់នៅបន្តរបស់គ្រួសារជនរងគ្រោះ ដោយបានណែនាំដល់ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យនិងសាងសង់លំនៅដ្ឋានសមរម្យមួយសម្រាប់ប្តីនិងកូនស្រីរបស់ជនរងគ្រោះផង។ ជាមួយគ្នា សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនៅលើផ្ទៃសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងរដូវវស្សានេះ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពជនរងគ្រោះទាំង៣នាក់ខាងលើ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





















