Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» សម្រាប់រំឭកដល់ជនរងគ្រោះ និងរំឭកអំពីការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គម របស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គម កម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឱ្យកើតមានឡើងសាជាថ្មី ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់ឱកាសឱ្យរៀបចំពិធីតាមជំនឿ សាសនា ឬ ទំនៀមទម្លាប់របស់ខ្លួន។

ដូចជនរួមជាតិបានដឹងហើយថា រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យ ពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ សំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ លើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជាបានប្តូរពី «ទិវាចងកំហឹង» ទៅជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១៩ អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» វិញ ដោយ មានមូលហេតុចម្បងចំនួនពីរ៖ ទី១- ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើត សហករណ៍ ដើម្បីប្រមូលផ្តុំ ប្រជាជនធ្វើការងារក្រុមសាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិឯកជន នៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះ ដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម និងទី២- អតីតក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំផែនការនិងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ដែលធ្វើឱ្យប្រជាជនកម្ពុជាប្រមាណជាង៣លាននាក់ បានស្លាប់ក្នុងរបប ដ៏ឃោរឃៅយង់ឃ្នងនេះ។

ជាង៣ទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ ឈ្នះ ព្រះរាជាណាចក្រកម្ពុជាបានប្រែក្លាយជាប្រទេសមាន សុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែលមិនធ្លាប់មាន ជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ។ ទន្ទឹមនឹងនេះ ក្រោមដំបូលនៃសុខសន្តិភាព ប្រទេសកម្ពុជា ក៏បានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាសង្គមសម័យទំនើប ដោយផ្តល់ជាគំរូក្នុងការស្ថាបនា សន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានតុលាការគំរូមួយសម្រាប់ពិភពលោក និងបានកាត់ក្តីអតីត មេដឹកនាំខ្មែរក្រហមប្រកបដោយជោគជ័យ ព្រមទាំងបានចារឹកជាស្លោកទុកក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យ ទំនើប៖ សន្តិភាពតាមរយៈយុត្តិធម៌ផ្សះផ្សាជាតិ និងយុត្តិធម៌ផ្សះផ្សាជាតិក្នុងគោលដៅសន្តិភាព។ ឆ្លងតាម លទ្ធផលនៃការបញ្ចប់ដំណើរការតុលាការនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជនរងគ្រោះនៃ របបកម្ពុជាប្រជាធិបតេយ្យ ទទួលបានយុត្តិធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរក៏ត្រូវបានស្តាឡើងវិញ ព្រមទាំង ទទួលបាននូវការប៉ះប៉ូវចំពោះការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គម ដោយទទួលស្គាល់គម្រោងសំណងចំនួន២៦ ក្នុងនោះក៏មានទិវាជាតិនៃការចងចាំផងដែរ។

បន្ទាប់ពីបញ្ចប់ការជំនុំជម្រះក្តី អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបន្តកិច្ចការសេសសល់ ហើយក្នុងនោះបានប្រែក្លាយជាមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីចូលរួមដល់ការចងចាំ ការថែរក្សាសន្តិភាព សាមគ្គីភាព ការអប់រំនិងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ក្នុងគោលបំណងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មបែបនេះ កើតឡើងសាជាថ្មី ។ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នេះបង្កើតឡើងដើម្បីផ្តល់ជនរងគ្រោះ ជាពិសេសដើមបណ្ដឹង រដ្ឋប្បវេណី ជាវេទិកាជួបជុំ និងធ្វើសកម្មភាពមួយចំនួន។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បើក ទូលាយដល់សាធារណជន តាមរយៈ (១) បណ្ណាល័យនិងកន្លែងស្រាវជ្រាវ, (២) និហិតដ្ឋានបណ្ណសារដែលតម្កល់ ឯកសារកាត់ក្តីប្រមាណជាង ២,៥លានទំព័រ សម្រាប់បម្រើផលប្រយោជន៍អប់រំនិងស្រាវជ្រាវ, (៣) បន្ទប់ ប្រើប្រាស់ពហុបំណងសម្រាប់រៀបចំសិក្ខាសាលានិងតុលាការប្រឌិត, (៤) បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មកស្វែងរកការពិតនិងចែករំលែកបទពិសោធឈឺចាប់ដល់យុវជន ជំនាន់ក្រោយ, (៥) សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និង (៦) ឧទ្យានសម្រាប់ការចងចាំ ដែលជាកន្លែងសម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហម និងសាធារណជនមកជួបជុំនិងចែករំលែកបទពិសោធ ឆ្លុះបញ្ចាំង ពីអ្វីដែលបានកើតឡើង និងរំឭកដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ ជាទស្សនវិស័យ វែងឆ្ងាយក្នុងគោលដៅពង្រឹងនិងថែរក្សាសន្តិភាពយូរអង្វែងនៅកម្ពុជា និងការចែករំលែកបទពិសោធដែលទទួល បានដ៏លំបាករបស់កម្ពុជា ទាក់ទងនឹងដំណោះស្រាយក្រោយជម្លោះ ការកសាងសន្តិភាព ការបង្ការនិងការទប់ស្កាត់ ឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅ និងយុត្តិធម៌អន្តរកាលទៅថ្នាក់តំបន់និងសកលលោក រាជរដ្ឋាភិបាលនឹងរក្សា កេរដំណែល បណ្ណសារដែលមានសច្ចភាពប្រវត្តិសាស្ត្រ និងឧត្តមានុវត្តន៍របស់ អ.វ.ត.ក. ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់ ជាប្រយោជន៍ដល់អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ និងយុវជនជំនាន់ក្រោយ។
ឆ្នាំ២០២៦ នេះជាលើកទី៩ នៃការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ហើយក៏ជាលើកទី៤៣ បើរាប់ ចាប់ពីឆ្នាំ ១៩៨៤ មក ដែលទិវានេះបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្ម និង លើកកម្ពស់ការយល់ដឹងអំពីអំពើឃោរឃៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់កុំឱ្យអំពើបែបនេះកើត មានឡើងសាជាថ្មី ។ ដើម្បីចូលរួមលើកកម្ពស់ការចងចាំ និងដោះស្រាយការឈឺចាប់របស់ជនរងគ្រោះ សកម្មភាព ជាច្រើនត្រូវបានធ្វើឡើង រួមទាំងការប្រារព្ធទិវានេះនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទីតាំងពិឃាតនៅ តាមបណ្តាស្រុក រាជធានី ខេត្តនានា និងនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ។ល។

ជាមួយនឹងការរំឭកខួបលើកទី៩ ទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៦នេះ យើងទាំងអស់គ្នាត្រូវរួម គ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាពជាមូលដ្ឋានសម្រាប់ការកសាងគ្រួសារ សហគមន៍ និង ប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើន ស្ថិរភាព និងសន្តិសុខ។ សព្វថ្ងៃនេះ កម្ពុជាកំពុងរស់នៅក្រោមម្លប់ សន្តិភាព មានស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍ។ សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំ ប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលនិងប្រជាជាតិទាំងមូល ក្នុងការថែរក្សាសន្តិភាព ការផ្សះផ្សាជាតិ និងការលើក កម្ពស់ស្មារតីសាមគ្គីភាពជាតិ។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ អំពើហិង្សា និងភាពមិន ប្រាកដប្រជាខ្ពស់ កម្ពុជាកាន់តែយល់ច្បាស់អំពីតម្លៃដ៏ថ្លៃថ្លានៃសន្តិភាពនិងស្ថិរភាពនៅក្នុងសង្គម ហើយក៏ជាអ្វីដែល កម្ពុជាត្រូវចងចាំនិងយល់ដឹងឱ្យបានកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនិងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនផងដែរ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×