Saturday, May 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេខាធិការដ្ឋាន គ.វ.រ. បានបើកកិច្ចប្រជុំលើកទី១៤ ដើម្បីបន្តពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលជាស្នូលនៃការអនុវត្តវិធានការគន្លឹះទាំងបីក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

ដោយអនុវត្តអភិក្រមការពិគ្រោះយោបល់ជាប្រចាំរបស់ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋាន គ.វ.រ. បានបើកកិច្ចប្រជុំលើកទី១៤ ដើម្បីបន្តពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលជាស្នូលនៃការអនុវត្តវិធានការគន្លឹះទាំងបីក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

ក្នុងរបៀបវារៈទី១ ជាការរាយការណ៍លទ្ធផល និងសមិទ្ធកម្មជាក់ស្តែងនៃការអនុវត្ត ‘ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ’ ដែលត្រូវបានអនុវត្តដោយតម្លាភាព និងចំគោលដៅ ដោយមានការកំណត់ពិតានជាក់លាក់ ព្រមទាំងនិយាម និងគោលបំណងច្បាស់លាស់ ស្របតាមការយកចិត្តទុកដាក់ របស់ សម្តេចមហាបវរធិបតី។ ប្រសិទ្ធភាពនៃការអនុវត្តវិធានការគន្លឹះទី៣នេះ បានឆ្លុះបញ្ចាំងតាមរយៈកំណើនសំណើគម្រោងពី ២២ ក្នុងឆ្នាំ២០២៥ ដល់ ៥៨ ក្នុងឆ្នាំ២០២៦។

របៀបវារៈទី២-សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែង ជាការអនុវត្តក្នុងវិធានការគន្លឹះទី១ ដែលជាមូលដ្ឋានសំខាន់ក្នុងការគាំទ្រក្រសួង ស្ថាប័ន ដើម្បីធានាឱ្យមានការកំណត់ និងការពិពណ៌នាមុខតំណែងច្បាស់លាស់ ស្របតាមរចនាសម្ព័ន្ធអង្គភាពនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។

របៀបវារៈទី៣-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទា ជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះទី២ ដែលបានរៀបចំឡើងលើមូលដ្ឋាននៃការពិភាក្សាកន្លងមក ស្របតាមស្មារតីនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀបចំ និងដំណើរការរដ្ឋបាលសាធារណៈ។

ក្នុងស្មារតីនៃអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ របៀបវារៈចុងក្រោយបានផ្ដោតលើការបង្កើតបណ្តាញអគ្គលេខាធិការក្រសួង-ស្ថាប័ន ជាយន្តការសម្របសម្រួលរួម ក្នុងការអនុវត្តកិច្ចការរដ្ឋបាលសាធារណៈ, ជំរុញកំណែទម្រង់ និងការងារប្រទាក់ក្រឡា, ដោះស្រាយបញ្ហាប្រឈមរួមឱ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។ គួរបញ្ជាក់ដែរ បទពិសោធន៍អន្តរជាតិ បានបង្ហាញថា ការបង្កើត និងចងក្រងបណ្តាញអគ្គលេខាធិការក្រសួងស្ថាប័ន ដើម្បីពង្រឹងប្រសិទ្ធភាពសម្របសម្រួល ជាគំរូជោគជ័យមួយដែលត្រូវបានអនុវត្តក្នុងបណ្ដាប្រទេសជាច្រើនលើពិភពលោក។

កិច្ចការងារកែទម្រង់ដែលយើងកំពុងរួមគ្នាអនុវត្ត គឺជាការជំរុញឱ្យប្រព័ន្ធរដ្ឋបាលទាំងមូលកាន់តែរឹងមាំ ក្នុងស្មារតីការងារប្រទាក់ក្រឡាគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក ព្រមទាំងរួមចំណែក្នុងការសន្សំសំចៃថវិកាជាតិ ដើម្បីបង្វែរទៅរកការងារអាទិភាពផ្សេងទៀត និងឈានទៅការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×