កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ កាសែត The Wall Street Journal របស់សហរដ្ឋអាមេរិកដែលមានការិយាល័យកណ្ដាលប្រចាំតំបន់អាស៊ីនៅប្រទេសសិង្ហបុរី និងការិយាល័យនៅប្រទេសថៃបានបោះពុម្ភផ្សាយអត្ថបទមួយដោយប្រើពាក្យមិនសមរម្យមកលើប្រទេសកម្ពុជា គឺ«Scambodia»។ តាមរយៈអត្ថបទខាងលើនេះ គឺមានការប្រតិកម្មពីពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកតាមដានអន្តរជាតិផ្សេងៗពីគ្នា។ មនុស្សមួយក្រុមមានការខឹងសម្បារនឹងការប្រើប្រាស់ពាក្យខាងលើនេះ ដោយយល់ឃើញថាជាការសរសេរដោយគ្មានវិជ្ជាជីវៈ មាក់ងាយ និងជាការចំអកជាជាងការពួតដៃគ្នាកំចាត់បទល្មើសតាមប្រព័ន្ធអនឡាញដែលជាបញ្ហាសកល ក៏ដូចជាមើលរំលងការតាំងចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្រ្គាបបញ្ហាខាងលើនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ ចំណែកឯមនុស្សមួយក្រុមទៀតបានលើកឡើងថាការណ៍នេះបណ្ដាលមកពីកខ្វះខាតនូវការឆ្លើយតបឱ្យបានលឿន និងមានប្រសិទ្ធភាពរបស់ក្រសួង-ស្ថាប័នទទួលបន្ទុកក្នុងការទប់ស្កាត់ និងបង្រ្កាបទើបធ្វើឱ្យមានបញ្ហាបែបនេះកើតមានឡើង ហើយក្រុមមនុស្សដែលគាំទ្របរទេសទៅលើការហៅនេះ មិនមាននរណាក្រៅពីក្រុមប្រឆាំងនឹងរដ្ឋាភិបាលនោនោះឡើយ។
តើការប្រើប្រាស់ពាក្យខាងលើនេះបានចាប់ផ្ដើមដោយរបៀបណា?
យើងទាំងអស់គ្នាអាចពិនិត្យតាមស្ថានភាពជាក់ស្ដែង និងវាយតម្លៃបានថា កម្ពុជាពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយ និងធ្វើទំនាក់ទំនងជាបណ្ដាកាសែតធំៗបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់នៅឡើយទេ ប្រសិនបើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ តាមការស្រាវជ្រាវការប្រើប្រាស់ពាក្យនេះ (Scambodia) ត្រូវបានប្រើប្រាស់ដោយអ្នកសរសេរអត្ថបទជនជាតិបរទេសតាំងពីឆ្នាំ២០១៧ មកម្លេះ ហើយការប្រើប្រាស់ពាក្យនេះត្រូវបានរីករាលដាលខ្លាំងនៅអំឡុងពេលនៃការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាចាប់ពីពាក់កណ្ដាលឆ្នាំ២០២៥ មក។ ក្នុងន័យនេះយើងអាចដាក់ការសន្និដ្ឋានបានផងដែរថា នេះគឺជាយុទ្ធនាការរបស់សត្រូវដើម្បីបង្វែររឿង និងលាបពណ៌មកលើកម្ពុជា។ ជាការពិតណាស់ សារព័ត៌មានអន្តរជាតិជាច្រើនមានភាពជិតស្និទ្ធជាមួយប្រទេសថៃ ដោយការិយាល័យតំណាងរបស់ពួកគេមានទីតាំងនៅទីនោះ ដូច្នេះការប្រមូលព័ត៌មានក៏មានប្រភពពីប្រទេសថៃដូចគ្នា។ លោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាបានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «ព័ត៌មានអន្តរជាតិមានភាពលំអៀងទៅរកប្រទេសថៃក្នុងការផ្សាយព័ត៌មានអំពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។ ស្ថាប័នព័ត៌មានភាគច្រើនមានមូលដ្ឋាននៅទីក្រុងបាងកក (ឬសិង្ហបុរី) ដែលហ៊ុំព័ទ្ធដោយប្រភពព័ត៌មានថៃ និងស្ទើរតែគ្មានសំឡេងកម្ពុជា»។



តើកម្ពុជាគួរដោះស្រាយបញ្ហាខាងលើដោយរៀបណា?
ជាក់ស្ដែងបញ្ហាឈរបោកតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសកល ស្មុគស្មាញ និងតម្រូវឱ្យមានការចូលរួមពីភាគីច្រើនរួមបញ្ចូលទាំងការប្រើប្រាស់បច្ចេកវិទ្យាផងដែរ។ ទោះបីជាកម្ពុជាបានព្យាយាមចាត់វិធានការជាបន្តបន្ទាប់ ដើម្បីបង្រ្គាបក្រុមឈរបោកអនឡាញទាំងនោះយ៉ាងណាក្ដី កម្ពុជាហាក់បីដូចជាមិនទាន់ត្រូវបានទទួលស្គាល់សម្រាប់ការខិតខំរបស់ខ្លួនឡើយ។ បញ្ហានេះអាចនឹងបណ្ដាមកពីកង្វះខាតនូវការផ្សព្វផ្សាយ និងសម្លេងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ លោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ក៏បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបន្ថែមផងដែរថា «ដើម្បីទាក់ទាញអ្នកកាសែតបរទេសមកកម្ពុជា កម្ពុជាអាចពិចារណាឡើងវិញអំពីបទប្បញ្ញត្តិ ស្តីពីការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែត។ សហរដ្ឋអាមេរិកមិនមានតម្រូវការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែតទាល់តែសោះ ហើយនោះជាហេតុផលមួយដែលសហរដ្ឋអាមេរិកគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសកល»។

ការលើកឡើងរបស់លោក Barnett ក៏សមហេតុផលផងដែរ ប៉ុន្តែនៅមិនទាន់គ្រប់ជ្រុយជ្រោយនៅឡើយទេ។ ការផ្ដល់ភាពងាយស្រួលដល់អ្នកកាសែតពាក់ព័ន្ធនឹងអាជ្ញាប័ណ្ណ គឺគ្រាន់តែជាហេតុផលមួយប៉ុណ្ណោះ ហើយមិនបានធានានូវការសរសេរ និងផ្សព្វផ្សាយរបស់ពួកគេនោះឡើយ។ កត្តាដែលសំខាន់ជាងនេះនោះគឺ ការផ្ដល់ភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន ការប្រើប្រាស់ភាសា ការរក្សាទុកនូវភស្តុរតាងសម្រាប់បញ្ជាក់ ឬផ្ទៀងផ្ទាត់ និងកម្រិតដែលអាចទុកចិត្តបាននៃប្រភពព័ត៌មានសុទ្ធសឹងតែជាឧបករណ៍សម្រាប់ទាក់ទាញអ្នកកាសែតអន្តរជាតិ។ ការទាក់ទាញអ្នកកាសែតអន្តរជាតិមិនអាចធានាបាននូវការផ្លាស់ប្ដូរការនិទានរឿងរបស់ពួកគេនោះឡើយ កម្ពុជាត្រូវតែបង្កើតនូវទំនាក់ទំនងប្រកបទៅដោយវិជ្ជាជីវៈ ទៀងទាត់ ការពិត រហ័ស និងបើកចំហរ ប៉ុន្តែត្រូវធានាថាមិនប៉ះពាល់ដល់សន្តិសុខជាតិ និងអធិបតេយ្យភាពរបស់កម្ពុជានោះឡើយ។ ការណ៍នេះ ក៏ចូលរួមចំណែកលើកសិទ្ធសេរីភាពនៃសារព័ត៌មានផងដែរ។ ស្របពេលជាមួយគ្នានោះដែរ ការគាំទ្ររបស់គណៈប្រឆាំងក្រៅប្រទេសលើបរទេសដែលប្រឆាំងនឹងប្រទេសរបស់ខ្លួន ពិសេសលោក សម រង្សី គឺបាននិងកំពុងឱ្យប្រជាពលរដ្ឋឃើញពីភាពមិនចូលរួមការពារ តែបែរជារុញទូកបណ្ដោយតាមទឹកហូរទៅវិញ ដោយលោកតែងតែចោទប្រកាន់មកលើថ្នាក់ដឹកនាំស្របច្បាប់របស់កម្ពុជាពាក់ព័ន្ធទៅនឹងបញ្ហានេះ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជា រួមទាំងយើងទាំងអស់គ្នាគួរផ្ដោតការចាប់អារម្មណ៍ខ្ពស់ទៅសកម្មភាពរបស់ក្រុមប្រឆាំងដែលអាចឆ្លៀតយកឱកាសនេះ ដើម្បីបង្កើតព្រឹត្តិការណ៍ណាមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសន្តិភាពនៃប្រទេសកម្ពុជា។។


ក្រឡេកទៅមើលពេលវេលា ការបោះឆ្នោតឃុំ សង្កាត់នៅកម្ពុជា នឹងមកដល់នៅឆ្នាំក្រោយនេះ ហើយការបោះឆ្នោតថ្នាក់ជាតិនឹងមកដល់នៅរយៈពេលពីរឆ្នាំខាងមុខពោល គឺនៅឆ្នាំ២០២៨ ដូច្នេះការគ្រប់គ្រងកេរិ៍្តឈ្មោះនៃប្រទេស គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់ប្រទេសកម្ពុជាដែលតែងតែទទួលរងនូវសម្ពាធពីមជ្ឈដ្ឋានអន្តរជាតិពាក់ព័ន្ធទៅនឹងការបោះឆ្នោត។ កម្ពុជាត្រូវព្យាយាមដោះស្រាយបញ្ហាឈរបោកតាមអនឡាញនេះឱ្យបានរហ័ស និងមានប្រសិទ្ធភាពខ្ពស់មុននឹងការឈានមកដល់នូវការបោះឆ្នោតទាំងពីរខាងលើ។ ជាក់ស្ដែងក្រសួងព័ត៌មានបានចេញមកប្រតិកម្ម និងស្នើសុំឱ្យ កាសែត The Wall Street Journal កែប្រែនូវការប្រើប្រាស់ពាក្យរបស់ខ្លួនផងដែរ ដោយស្នើឱ្យមានការសរសេរគួរផ្អែកទៅលើអង្គហេតុ ភស្តុតាង និងការវិភាគប្រកបដោយតុល្យភាព ជាជាងការប្រើប្រាស់ភាសាដែលរចនាឡើងសម្រាប់តែទាក់ទាញ។ ការប្រើប្រាស់ពាក្យពេជន៍ គឺជាជម្រើសរបស់អ្នកសរសេរ ប៉ុន្តែកម្ពុជាត្រូវតែបង្ហាញនូវការពិត និងបញ្ជាក់អំពីទិដ្ឋភាពជាក់ស្ដែង ជាពិសេសពាក់ព័ន្ធទៅនឹងសកម្មភាពដែលកំពុងតែកើតមានឡើងពាក់ព័ន្ធនឹងការបង្គ្រាបនូវបទល្មើសអនឡាញទាំងនោះ។
ក្នុងន័យកែប្រែការយល់ឃើញរបស់អន្តរជាតិមកលើកម្ពុជា និងជៀសវាងបញ្ហាចោទពីរក្នុងពេលតែមួយនាពេលអនាគត កម្ពុជាគួរពិចារណាក្នុងការជំរុញវិសាលភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនតាមរយៈសកម្មភាពមួយចំនួនដូចជា (១)បង្កើតនូវទម្លាប់ក្នុងការផ្សាយព័ត៌មានពិតប្រាកដ និងឆ្លើយតបទៅនឹងបញ្ហាជាក់ស្ដែង ដោយមានការសហការជាមួយអ្នកកាសែតអន្តរជាតិ (២)សម្អាតនូវភាពកខ្វក់នៅក្នុងផ្ទៃក្នុងដោយគ្មានការលើកឡែង ដើម្បីបង្កើតភាពជឿជាក់ឡើងវិញ (៣)វិនិយោគបន្ថែមទៅលើបណ្តាញព័ត៌មានដែលប្រើប្រាស់ជាភាសាអង់គ្លេស តាមរយៈការសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ និងលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នមានសមត្ថកិច្ចចាត់តាំងអ្នកនាំពាក្យដែលបានទទួលការបណ្តុះបណ្តាលពាក់ព័ន្ធទៅនឹងប្រព័ន្ធផ្សព្វផ្សាយ និងអាចប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញ (៣)ពង្រីក និងពង្រឹងប្រភពព័ត៌មានដែលអាចទុកចិត្តបានសម្រាប់អ្នកកាសែតអន្តរជាតិ និង(៤)ពង្រឹង និងពង្រីកសមត្ថភាព និងភាពជឿជាក់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ រក្សាសិទ្ធដោយ៖សុទ្ធលី

