Saturday, May 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូងរាជធានីភ្នំពេញចេញសេចក្ដីប្រកាសព័ត៌មានស្តីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម នៅចំណុចមុខធនាគារជាតិ នៃកម្ពុជា

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ២៣៩៧ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ទាក់ទិននឹងករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលមានជនត្រូវចោទមានខ្លួនចំនួន ២នាក់ គឺ ១.ឈ្មោះ សួន សុវណ្ណថៃ ភេទប្រុស អាយុ ៣៧ឆ្នាំ ២. ឈ្មោះ រាំត មករា ភេទប្រុស អាយុ ៣៦ឆ្នាំ និងបក្ខពួក កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមាន ភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា កាលពីអំឡុងខែមេសា និងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា កាលពីអំឡុងខែមេសា និងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ នៅចំណុចមុខធនាគារជាតិនៃកម្ពុជា តាមបណ្ដោយផ្លូវហាណូយ ក្រុមបុគ្គលឈ្មោះ សួន សុវណ្ណថៃ និងឈ្មោះ ព៌ត មករា ព្រមទាំងបក្ខពួក បានរៀបចំផែនការទុច្ចរិតដោយបង្កើតក្រុមតេឡេក្រាម ឈ្មោះ អតិថិជនរងគ្រោះ ហួយ វ័ន (HUIONE) មានសមាជិកចំនួន ១២០០នាក់ ដើម្បីប្រមូលផ្តុំគ្នា ធ្វើ បាតុកម្មខុសច្បាប់ ដោយជួលកម្មករប្រហែល៥០នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ឈ្នួលចំនួន ២៥០០០រៀល ឱ្យធ្វើ សកម្មភាពអូសទាញ ប្រជាពលរដ្ឋឱ្យចូលរួមធ្វើបាតុកម្មខុសច្បាប់, ធ្វើការតវ៉ៅស្រែកឡូឡានៅលើទ្រូងផ្លូវ និង បិទផ្លូវប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងជួល សារព័ត៌មានប្រហែល១០ស្ថាប័ន ក្នុងមួយស្ថាប័ន ទទួលប្រាក់ចំនួន ១០ម៉ឺនរៀល ដើម្បីជួយផ្សព្វផ្សាយអំពីសកម្មភាពរបស់ក្រុមខ្លួន។ សកម្មភាពរបស់ក្រុមបុគ្គល
ខាងលើនេះ គឺជាអំពើបង្កអសន្តិសុខ និងភាពវឹកវរដល់សង្គម ព្រមទាំងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដែលជាបទល្មើសព្រហ្មទណ្ឌ។ បុគ្គលឈ្មោះ សួន សុវណ្ណថ និងឈ្មោះ ព៌ត មករា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់តាមនីតិវិធីច្បាប់។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទឈ្មោះ សួន សុវណ្ណថ និងឈ្មោះ រាំត មករា និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនត្រូវចោទទាំង ២នាក់នេះ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តអនុវត្តច្បាប់ដោយម៉ឹងម៉ាត់ ចំពោះសកម្មភាពដែលមានចរិកលក្ខណៈ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕រក្សាសិទ្ធដោយ៖សុទ្ធលី

×