Friday, May 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាត្រូវតែនិយាយ ត្រូវតែលើកបញ្ហាព្រំដែននេះ ពីព្រោះវាពាក់ព័ន្ធដល់អធិបតេយ្យជាតិ បូរណភាពទឹកដីរបស់កម្ពុជា និងដី ឬផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាត្រូវតែនិយាយ ត្រូវតែលើកបញ្ហាព្រំដែននេះ ពីព្រោះវាពាក់ព័ន្ធដល់អធិបតេយ្យជាតិ បូរណភាពទឹកដីរបស់កម្ពុជា និងដី ឬផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះ បើចង់ឱ្យកម្ពុជាឈប់លើកអំពីបញ្ហាទាំងអស់នេះ យោធាថៃត្រូវឈប់ប្រព្រឹត្តអំពើខុសច្បាប់មកលើកម្ពុជាតទៅទៀត។ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ប្រទេសហ្វីលីពីនបានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតួនាទីជាអ្នកដឹកនាំការសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការតាមដានពិនិត្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនឹងនោះ ហ្វីលីពីនក៏នឹងផ្តល់កិច្ចសម្របសម្រួលក្នុងនាមជាប្រធានអាស៊ាន ដើម្បីផ្តល់ជាវេទិកាស្ថាបនាសម្រាប់ប្រទេសសមាជិក ក្នុងការស្វែងរកដំណោះស្រាយមួយយូរអង្វែង និងប្រកបដោយសន្តិវិធីសម្រាប់បញ្ហាដែលកំពុងកើតមានឡើង។

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមដកស្រង់ព័ត៌មានសំខាន់ៗមួយចំនួនមកជម្រាបជូន៖

ទី១៖ ក្រសួងព្រះបរមរាជវាំង បានជម្រាបជូនព័ត៌មានថា ក្រោយពីទទួលបានការព្យាបាលព្រះរោគដោយការវះកាត់អស់រយៈពេលពីរសប្តាហ៍មក បច្ចុប្បន្ននេះ យោងលើវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរជាបណ្តើរៗ។ ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យប៉េកាំង សូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងចេញពីមន្ទីរពេទ្យនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ និងសូមព្រះអង្គបន្តគង់ប្រថាប់ នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង និងយាងទៅមន្ទីរពេទ្យជាបន្តបន្ទាប់ ដើម្បីពិនិត្យតាមដាន ថ្វាយព្រះឱសថ និងថែទាំព្រះរាជសុខភាពមួយរយៈពេលទៀត។

ទី២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញថា សម្តេចបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ សិក្សាផ្លូវច្បាប់ដែលកំពុងមានជាធរមាន ចំពោះលទ្ធភាពដែលអាចយកក្មេងទំនើងទៅធ្វើការងារបម្រើឱ្យសមរភូមិមុខ គឺមិនមែនជាការបង្កើតច្បាប់ថ្មីទេ។ ចំពោះការយកក្មេងទំនើងទៅបម្រើការងារឱ្យសមរភូមិមុខ គឺមានដូចជាការងារវិស្វកម្ម ដូចជាចាក់បេតុងធ្វើលេណដ្ឋានជាដើម គឺមិនមែនឱ្យពួកគទៅកាន់កាំភ្លើងធ្វើជាកងទ័ពសមរភូមិមុខនោះឡើយ។ ការបញ្ជាក់របស់សម្តេចធិបតីបែបនេះ ជាការឆ្លើយតបទៅអ្នកវិភាគនៅក្រៅប្រទេសមួយចំនួន ដែលបកស្រាយបំភ្លៃប្រសាសន៍របស់សម្តេចដែលធ្វើឱ្យមានការយល់ច្រឡំ។

ទី៣៖ ប្រទេសហ្វីលីពីនបានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតួនាទីជាអ្នកដឹកនាំការសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការតាមដានពិនិត្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនឹងនោះ ហ្វីលីពីនក៏បានអះអាងអំពីការផ្តល់កិច្ចសម្របសម្រួលក្នុងនាមជាប្រធានអាស៊ាន ដើម្បីផ្តល់ជាវេទិកាស្ថាបនាសម្រាប់ប្រទេសសមាជិកអាស៊ានក្នុងការស្វែងរកដំណោះស្រាយមួយយូរអង្វែង និងប្រកបដោយសន្តិវិធីសម្រាប់បញ្ហាដែលកំពុងកើតមានឡើង។

ការគូសបញ្ជាក់បែបនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោកជំទាវ Maria Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន ក្នុងការសម្របសម្រួលដល់ការសន្ទនាក្នុងចំណោមប្រទេសសមាជិកអាស៊ានដើម្បីស្វែងរកដំណោះស្រាយ និងសន្តិភាពយូរអង្វែងក្នុងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ។

រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការពង្រឹងឯកភាព មជ្ឈភាពរបស់អាស៊ាន និងការចូលរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងបានបញ្ជាក់ជាថ្មីនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធ និងស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ ក្នុងនាមជាសមាជិកគ្រួសារអាស៊ាន និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តចូលរួមគាំទ្រដល់បុព្វហេតុសន្តិភាព និងសន្តិសុខក្នុងតំបន់។

ទី៤៖ កម្ពុជាបញ្ជាក់ប្រាប់ភាគីថៃថា បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់នូវតំបន់មួយចំនួនក្នុងទឹកដីកម្ពុជា ដោយកន្លែងខ្លះបិទខ្ទប់ដោយទូរកុងតឺន័រ នៅផ្នែកខ្លះនៃភូមិមួយចំនួន មិនអនុញ្ញាតឱ្យប្រជាជនកម្ពុជាយើងត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ ដែលផ្ទុយនឹងអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការតាមរយៈសេចក្តីថ្លែងការណ៍ កំណត់ទូត និងសុន្ទរកថានានា នៅគ្រប់វេទិកាអន្តរជាតិដែលតំណាងកម្ពុជាបានចូលរួម។

កន្លងទៅកម្ពុជាបានអត់ធ្មត់ខ្លាំងណាស់ ដើម្បីថ្នាក់ថ្នមសភាពការណ៍ និងរក្សាបទឈប់បាញ់ ដើម្បីបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីជាមួយគ្នា។ ប៉ុន្តែ កម្ពុជាត្រូវតែនិយាយ ត្រូវតែលើកបញ្ហាទាំងអស់នេះ ពីព្រោះវាពាក់ព័ន្ធដល់អធិបតេយ្យជាតិ បូរណភាពទឹកដីរបស់កម្ពុជា និងដី ឬផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះ បើចង់ឱ្យកម្ពុជាឈប់លើកអំពីបញ្ហាទាំងអស់នេះ យោធាថៃត្រូវឈប់ប្រព្រឹត្តអំពើខុសច្បាប់មកលើកម្ពុជាតទៅទៀតគឺជាការស្រេច។ នេះជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ប្រាប់ទៅសមភាគីថៃ នៅក្នុងជំនួបពិភាក្សាគ្នាកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅរដ្ឋធានីបានដា ស៊េរីបេហ្គាវ៉ាន់ នៃប្រទេសប្រ៊ុយណេដារុយសាឡាម។ ការបញ្ជាក់បែបនេះរបស់ប្រមុខការទូតកម្ពុជាបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃបានចាត់ទុកការលើកឡើងរបស់កម្ពុជាអំពីបញ្ហាព្រំដែននៅតាមវេទិកាពិភាក្សាថ្នាក់តំបន់ និងអន្តរជាតិ ថាជាសុន្ទរកថា ដែលមិនអំណោយផលដល់បទឈប់បាញ់។

ទី៥៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជានិងថៃ ក្នុងការអនុវត្តដោយសុចរិតភាពនូវក្របខ័ណ្ឌមួយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ ដើម្បីទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។

ដូច្នេះ វាជារឿងគួរឱ្យសោកស្តាយបំផុតប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពី MoU-2001 ដែលជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលគាំទ្រការរៀបចំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះទាំងខ្លឹមសារនិងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈនិងភាពស្មោះត្រង់ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១។ កម្ពុជានឹងបង្ហាញជំហរផ្លូវការបន្ថែមទៀតនៅពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×