ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចាត់វិធានការហើយលើមន្ត្រីនគរបាលជក់បារីអេឡិចត្រូនិក ដោយបន្ថយស័ក្តិ ពីស័ក្តិ៥ មកនៅស័ក្តិ៤កន្លះ ។
ក្រៅពីបន្ថយស័ក្តិហើយនោះ មន្ត្រីនគរបាល ខៀវ សុងច័ន្ទសុធា ក៏តម្រូវឱ្យពិនិត្យរកសារធាតុញៀនផងដែរ តែមិនមានសារធាតុញៀននោះទេ ។
កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្ត បើកបុករថយន្តចតនៅលើផ្លូវសាធារណៈ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ជិតភោជនីយដ្ឋាន «ឫស្សីស្រស់» ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា មានតួនាទីជាអនុប្រធាននាយកដ្ឋានមួយ ចំណុះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) នៃក្រសួងមហាផ្ទៃ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងលើឥរិយាបថរបស់លោក ។
លោកវរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា បានប្រើសម្តីសំឡុតគំរាមវាយខ្នោះដាក់គុកម្ចាស់រថយន្តភាគីម្ខាងទៀត និងការបង្ហុយផ្សែងបារីអេឡិចត្រូនិច។ រឿងចរាចរណ៍ត្រូវបានបញ្ចប់គ្នាហើយ ក្រោយពីមានការសម្របសម្រួលដោយនគរបាលរាជធានីភ្នំពេញ ៕រក្សាសិទ្ធដោយ៖សុទ្ធលី






