Tuesday, April 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេង អញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) នៅទីក្រុងតូក្យូ

ក្រុងតូក្យូ៖នាព្រឹកថ្ងៃទី២៧មេសា២០២៦នេះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
តបតាមការអញ្ជើញរបស់លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ និងដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូរបស់រដ្ឋបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញពីទីក្រុងតូក្យូមកថា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូបានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការ កិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) ក្រោមអធិបតីភាពរបស់លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ព្រមទាំងទស្សនាស្តង់ពិព័រណ៌ ផលិតផលបច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុនធំៗនៃប្រទេស និងប្រទេសផ្សេងៗជាច្រើន។
លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់បន្ថែមទៀតថា បណ្តាញទីក្រុងសកលសម្រាប់ចីរភាព ត្រូវបានបង្កើតឡើងដោយរដ្ឋបាលទីក្រុងតូក្យូក្នុងឆ្នាំ២០២២ ដើម្បីជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុងក្នុងសកលលោក ដោយអនុញ្ញាតឱ្យទីក្រុងនានាប្រើប្រាស់វេទិកា នេះដើម្បីចែករំលែកចំណេះដឹង ជំនាញបច្ចេកទេស សាកល្បងបច្ចេកវិទ្យាច្នៃប្រឌិត និងសហការលើគោលនយោបាយកម្រិតខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល និងបង្កើតអនាគតទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន។
ជាមួយគ្នានេះដែរ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារ ដាច់ដោយឡែកពីគ្នាជាមួយ លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូ និងពិនិត្យលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ជាមួយគ្នាបន្តទៀតនាពេលអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×